(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌដឹកនាំកំលាំង ចុះបង្ក្រាប ក្មេងទំនើង ដែលបង្ហោះម៉ូតូតាមដងផ្លូវទីសារធារណៈដែលធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរនៅទីនោះមានការភ័យខ្លាចជារៀងរាល់ថ្ងៃ បានចំនួន ០៤នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ខ្ញុំបាទបានកោះហៅអាណាព្យាបាលឲ្យគាត់មកមើលក្នុងឃ្លីបវិដេអូដែលខ្ញុំបាទចាត់មន្ត្រីលួចថតសកម្មភាពកំពុងបង្ហោះជាក់ស្ដែងនូវទង្វើកូនៗពួកគាត់ហើយឲ្យគាត់ធានាយកទៅអប់រំបន្ត»។
ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការណែនាំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពនោះទៀត ព្រមទាំឲ្យដោះកង់មុខទុកនៅកន្លែងសមត្ថកិច្ចដោយខ្លួនឯង។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់ រួមមាន៖
ទី១. ឈ្មោះ មុន្នី ពេជ្រសុផានិត អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ (ជិះពីក្រោយ)
ទី២. ឈ្មោះ ចាន់ វិចិត្រ អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (បើកម៉ូតូ)
ទី៣. ឈ្មោះ ហ៊ុល សុភក្រ្តា អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១២ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (បើកម៉ូតូ)
ទី៤. ឈ្មោះ ឡង់ ប៉ូលីន អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម០៤ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជិះពីក្រោយ)៕