(ភ្នំពេញ)៖ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia លោក Anthony.F Fernandes បានសម្តែងនូវការកោត សរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំ កៀគរភ្ញៀវទេសចរ ឲ្យមកទស្សនាកម្ពុជា កាន់តែច្រើន។
ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិរូបនេះ ក៏បានអះអាងថា នៅពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Air Asia នឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា។
ការអះអាងរបស់លោក Anthony.F Fernandes ធ្វើឡើងក្នុងឱកាសដែលលោក បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ នាសណ្ឋាគារ ដែលសម្ដេចតេជោកំពុងស្នាក់នៅ នេះបើយោងតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះ លោក Anthony.F Fernandes បានជម្រាប សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីក្រុមហ៊ុន Air Asia ដែលបានធ្វើការហោះហើរត្រង់ពីបណ្តាប្រទេសនានា លើពិភពលោកមកកាន់ប្រទេសកម្ពុជា ដោយជាមធ្យមគឺ៦៧ជើង ក្នុងមួយសប្តាហ៍។
លោក Anthony.F Fernandes បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំកៀរគរ អ្នកទេសចរណ៍ពីគ្រប់ទិសទីដ៏ ច្រើនមកទស្សនាកម្ពុជា។ លោក ប្រធានបានវាយតម្លៃខ្ពស់ ចំពោះសម្តេចតេជោដែលបាន ទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភេពលោក ស្តីពីអាស៊ាន ក្នុងប្រទេសកម្ពុជានា ខែឧសភាឆ្នាំ២០១៧នេះ។
ក្រុមហ៊ុនរបស់លោកពីមុន គឺមានយន្តហោះតែពីរគ្រឿង តែបច្ចុប្បន្នក្រុមហ៊ុនមានយន្តហោះ រហូតដល់២០០គ្រឿងនិងកំពុង បញ្ជាទិញយន្តហោះជាច្រើនគ្រឿងទៀត សម្រាប់សេវាដឹកជញ្ជូន អ្នកដំណើរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ និងស្នើឲ្យក្រុមហ៊ុន Air Asia បន្តជើងហោះហើរ និងនាំមកនូវទេសចរណ៍ ពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្រៅតំបន់ហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា។
ក្នុងកិច្ចសន្ទនាគ្នានោះ សម្តេចតេជោ ក៏បានស្នើឲ្យមានវត្តមានក្រុមហ៊ុន Air Asia ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។
លោក Anthony.F Fernandes នឹងបើកការិយោល័យខ្លួន ក្នុងពេលដ៏ខ្លីខាងមុខក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដល់ប្រទេសកម្ពុជា លើវិស័យសេវាដឹកជញ្ជូន និងវិស័យ អាកាសចរណ៍។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះគំរោង និងទិសដៅក្រុមហ៊ុន Air Asia នៅកម្ពុជា ហើយសង្ឃឹមថា វត្តមាន Air Asia នៅកម្ពុជានឹងនាំមកនូវអ្នកទេសចរណ៍ កាន់តែច្រើនឡើងមកកម្ពុជា៕