(ភ្នំពេញ)៖ ទីផ្សាអចលនទ្រព្យកម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាពល្អប្រសើរដដែល ប្រសិនបើប្រៀបធៀបទៅនឹងបណ្ដា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមការលើកឡើងរបស់លោក ឃាង ពុទ្ធី អនុប្រធានសមាគមអ្នកវាយតម្លៃ អចលទ្រព្យកម្ពុជា ផ្នែកលក់ខុនដូ និងព័ត៌មានវិទ្យា នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោក ឃាង ពុទ្ធី ធ្វើឡើងក្នុង « កិច្ចប្រជុំសមាជិកទូទៅលើកទី១ ឆ្នាំ២០១៧ របស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា»។
លោក ឃាង ពុទ្ធី បានថ្លែងឲ្យដឹងថា អចលនវត្ថុនៅក្នុងកម្ពុជាគឺមានស្ថានភាពល្អប្រសើរ ប្រសិន បើប្រៀបធៀបជាមួយ បណ្ដាប្រទេសជិតខាង ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយខ្លាំង ព្រោះប្រទេសកម្ពុជាមានទីតាំង ភូមិសាស្រ្ដល្អ មានតំបន់ទេសចរណ៍ល្បីៗ នេះបើសិនជានិយាយពីស្ថានភាពដីប្រទេសកម្ពុជានគួរតែមានតម្លៃថ្លៃជាង ប្រទេសជិតខាង។
លោកបន្ដថា «សម្រាប់ខ្ញុំយល់ថា វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាល្អ ប្រទេសណាក៏ល្អដូចគ្នា បច្ចុប្បន្ននេះវិស័យអចលនវត្ថុ គឺមានផលប៉ះពាល់តែម្យ៉ាងប៉ុណ្ណោះគឺ ការប្រតិបត្តិការអាជីវកម្មដែលគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រសិនបើពួកគេជាអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ បានរៀនសូត្រ និងយកបានអាជ្ញាប័ណ្ណត្រឹមត្រូវនោះវិស័យអចលនទ្រព្យកាន់តែរីកចំរើនថែមទៀត»។
លោកបានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៧-២០១៨ខាងមុននេះនឹងមានការបោះឆ្នោត ប៉ុន្ដែខ្ញុំគិតថាដូចជាមិនមានបញ្ហាចោទ គួរឲ្យកត់សំគាល់ទេសម្រាប់វិស័យដីធ្លី ព្រោះវិស័យនេះមិនមែនជាវិស័យដែលនៅហ្នឹងនោះឡើយ ប្រសិនបើមានតម្រូវការច្រើននោះ នឹងមានការលក់ចេញច្រើន រីឯតម្លៃលក់បានក៏បានល្អប្រសើរថែមទៀត»។
ក្នុងនោះផងដែរលោក ពុទ្ធី បានប្រាប់ឲ្យដឹងពីគោលបំណងកិច្ចប្រជុំសមាជិកលើកទី១ថា ការប្រជុំនេះធ្វើឡើងដើម្បី ឲ្យសមាជិកសមាគមទាំងអស់ស្វែងយល់ពីគំរោងអភិវឌ្ឍន៍ផ្សេងៗក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ក្រុមហ៊ុនចំនួន៤៣ក្រុមហ៊ុន និងមានសមាជិកចំនួន៨០នាក់៕