(បន្ទាយមានជ័យ)៖ ក្រុមរថយន្តតាក់ស៊ី កំពុងយកចិញ្ចើមផ្លូវសាលាខេត្តបន្ទាយមានជ័យ ចតរថយន្តចាប់ម៉ូយធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ និងមុខមាត់ខេត្ត ហើយថ្នាក់ដឹកនាំនគរបាលខេត្ត គ្រោងនឹងមានវិធានការ ដេញបញ្ជូនបេនមិនត្រូវទុកឲ្យអាណាធិបតេយ្យបន្តទៀតឡើយ។
មហាជនឆ្លងកាត់បានរិះគន់ថា នៅចិញ្ចើមផ្លូវមុខសាលាខេត្តបន្ទាយមានជ័យ ក្លាយជាកន្លែងចតរថយន្តតាក់ស៊ី ដេញចាប់ម៉ូយធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពក្រុង ខេត្តបន្ទាយមានជ័យ ហើយដែលក្រុមអ្នករត់តាក់ស៊ី ឈប់ ចត រថយន្តដេញចាប់ម៉ូយ នៅមុខសាលាខេត្តបន្ទាយមានជ័យនេះ គឺកើតមានរយៈពេលយូរមកហើយ មិនឃើញមានមន្ត្រីជំនាញ ឬសមត្ថកិច្ច អាជ្ញាធរ ចាត់វិធានការឡើយ។
ជាមួយគ្នាពលរដ្ឋ បានសំណូមពរដល់ លោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ជួយមើលផងរថយន្តយកមុខសាលាខេត្ត ធ្វើជាកន្លែងចំណតរថយន្តដេញចាប់ម៉ូយ ទុកបែបហ្នឹង ធ្វើឲ្យប៉ះពាល់មុខមាត់ខេត្ត ហើយសូមមានវិធានការជាបន្ទាន់ផង។
ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក អ៊ុ សុផល ស្នងការរងនគបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមរថយន្តតាក់ស៊ីចតដេញចាប់ម៉ូយ នៅមុខសាលាខេត្ត និងមុខទីបញ្ជាការកងរាជអាវុធហត្ថ និងមុខសាខាគយ និងរដ្ឋាករខេត្ត បែបអាណាធិបតេយ្យនោះ គឺលោកបានប្រជុំដាក់ផែនការ ទៅការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្ត ហើយតែមិនទាន់ឃើញអនុវត្តនៅឡើយ ដែលបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់។
លោកស្នងការរង បានសង្កត់ធ្ងន់ៗថា មិនទុកឲ្យរថយន្តតាក់ស៊ីចត ឈប់ចាប់ម៉ូយតាមចិញ្ចើមផ្លូវបែបអាណាធិបតេយ្យទៀតទេ គឺលោកសុំគោលការលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការឆាប់ៗនេះ ដេញចូលចំណតរថយន្តទាំងអស់ មិនទុកធ្វើឥ្យប៉ះពាល់សណ្តាប់ធ្នាប់បែបនេះឡើយ៕