(សិង្ហបូរី)៖ រដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន ប្រគល់រង្វាន់សហគមន៍ទេសចរណ៍អាស៊ាន និងផ្ទះស្នាក់អាស៊ាន ៨រង្វាន់ដល់កម្ពុជា។ ពិធីប្រគល់រង្វាន់សហគមន៍ទេសចរណ៍អាស៊ាន និងផ្ទះស្នាក់អាស៊ាន ត្រូវបានរៀបចំឡើង នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០១៧នេះ។
ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពទេសចរណ៍ សេវាកម្ម សម្បទា និងធនធានមនុស្ស ព្រមជាមួយការយកចិត្តទុកដាក់លើតម្រូវការ លទ្ធភាព និងសក្តានុពលសម្បូណ៌បែប នៃវប្បធម៌របស់ប្រទេសអាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ ដោយបានផ្តោតលើការចូលរួម និងផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន ក្នុងទេសចរណ៍។
ក្នុងនោះរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានផ្តល់រង្វាន់សហគមន៍ទេសចរណ៍អាស៊ាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២៦ ក្នុងនោះសហគមទេសចរណ៍ កម្ពុជាចំនួន០៣៖ ទី១៖ សហគមជីផាត (កោះកុង), ទី២៖ កោះទ្រង់ (ក្រចេះ) និងទី៣៖ ចំបក់ (កំពង់ស្ពឺ) ដោយឡែកផ្ទះស្នាក់អាស៊ានចំនួន២៨ ក្នុងនោះផ្ទះស្នាក់កម្ពុជា ចំនួន០៥៖ ទី១៖ ផ្ទះស្នាក់ Khmer Homestay មកពីខេត្តកំពង់ធំ, ទី២៖ ផ្ទះស្នាក់ ស៊ិម ហឹម មកពីខេត្តកំពត, ទី៣៖ ផ្ទះស្នាក់ គង់ ស័យ មកពីខេត្តកំពង់ស្ពឺ, ទី៤៖ ផ្ទះស្នាក់ សៀង ចាន់ណា មកពីខេត្តសៀមរាប និងទី៥៖ ផ្ទះស្នាក់អៀ សុទ្ធី មកពីខេត្តកោះកុង៕