(សិង្ហបុរី)៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ លើកទី១៦ (អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ) បានបញ្ចប់ហើយ ប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ប្រទេសសឹង្ហបុរី។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានវាយតម្លៃខ្ពស់ចំពោះ៖
ទី១៖ ការកើនឡើង នៃចំនួនទេសចរអន្តរជាតិ មកកាន់តំបន់អាស៊ានបូកបី ដោយទទួលបានទេសចរអន្តរជាតិចំនួន១៧១,៦ លាននាក់ កើន១០,៥ភាគរយ
ទី២៖ ការស្វាគមន៍ចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានបូកបី និងគាំទ្រពេញទំហឹង លើការអនុវត្តអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ អាស៊ានបូកបី (Memorandum of Cooperation-MOC- on ASEAN Plus Three Tourism Cooperation) ហើយលើកទឹកចិត្ត ដល់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ានបូកបី
ទី៣៖ កោតសរសើរចំពោះវឌ្ឍនភាព នៃការអនុវត្ត ផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ទេសចរណ៍អាស៊ានបូកបី ២០១៣-២០១៧ ហើយស្វាគមន៍ចំពោះការរៀបចំផែនការ អនុវត្តបន្តសម្រាប់ឆ្នាំ ២០១៨-២០២០
ទី៤៖ កោតសរសើរដល់ប្រទេសចិន ដែលបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន នៅលើទីផ្សារចិន ពិសេសការអបអរសាទរ «ឆ្នាំ២០១៧ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន» ដែលគ្រោងនឹងរៀបចំពិធីបើកជាផ្លូវការ នៅប្រទេសហ្វីលីពីន នាខែមីនាខាងមុខនេះ
ទី៥៖ កោតសរសើរដល់ប្រទេសជប៉ុន ដែលបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន នៅលើទីផ្សារជប៉ុន ពិសេសការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន Visit ASEAN50
ទី៦៖ កោតសរសើរដល់ប្រទេសកូរ៉េ ដែលបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន នៅលើទីផ្សារកូរ៉េ ដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងសិក្ខាសាលានានា។
ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាទេសចរណ៍ នៃតំបន់អាស៊ានបូកបី ស្តីពីការពង្រឹងសមត្ថភាព នៃការបកស្រាយរបស់មគ្គុទេសក៏ទេសចរណ៍ (APT Tourism Workshop on Interpretation of Tourist Guides) ក្នុងឆ្នាំ២០១៨ និងសិក្ខាសាលាស្តីពី លទ្ធភាពក្នុងការសំរួលទិដ្ឋាការ រវាងតំបន់អាស៊ានបូកបី (Workshop on the Possibility for Visa Facilitation among the APT countries) ក្នុងឆ្នាំ២០១៩។
សូមបញ្ជាក់ថា ឆ្នាំ២០១៦ តំបន់អាស៊ានបូកបី ទទួលបានទេសចរអន្តរជាតិចំនួន១៧១,៦ លាននាក់ កើន១០,៥ភាគរយ។ ក្នុងឆ្នាំ២០១៥ ទេសចរពីប្រទេសអាស៊ានបូក៣ (ប្រទេសចិន ជប៉ុន កូរ៉េ) មកទស្សនាតំបន់អាស៊ាន មានប្រមាណ២៩លាននាក់ កើនប្រមាណ៣០ភាគរយ រីឯទេសចរអាស៊ាន ដែលបានទៅទស្សនាប្រទេសអាស៊ានបូកបី មានចំនួនជាង ១០.២លាននាក់ កើនប្រមាណ៧ភាគរយ៕