(កណ្តាល)៖ ដើម្បីអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ឲ្យមានប្រសិទ្ធភាពខ្ពស់នោះ និងចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដល់អាយុជីវិតនោះ លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល ដឹកនាំកម្លាំងជំនាញ ដាក់គោលដៅត្រួតពិនិត្យ២កន្លែង នៅដងផ្លូវដើម្បីហៅប្រជាពលរដ្ឋ ដែលមិនគោរពច្បាប់ចរាចរណ៍ កំពុងធ្វើដំណើរ មកអប់រំណែនាំ ឲ្យចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា និងបានទៅទិញមួកសុវត្ថិភាព មកពាក់ចំពោះមុខមន្ត្រីនគរបាលអស់៧០មួក។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២១បេ ស្ថិតភូមិកំពង់ស្វាយក្រោម និងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញផ្នែកសណ្តាប់ធ្នាប់សហការជាមួយកម្លាំងប៉ុស្តិ៍ បានដាក់ គោលដៅចំនួន២កន្លែង ដើម្បីត្រួតពិនិត្យលើប្រជាពលរដ្ឋ កំពុងបើកបរម៉ូតូ និងរថយន្ត ដើម្បីហៅ អ្នកមិនគោរពច្បាប់ចរាចរណ៍ ធ្វើការអប់រំណែនាំដល់ពួកគាត់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះការគោរពច្បាប់ចរាចរណ៍ ក៏ដូចជាគោរពអាយុជីវិតខ្លួនឯង។
ក្នុងនោះលោកអធិការ បានពន្យល់ដល់ប្រជាពលរដ្ឋថា ប្រសិនបើពួកគាត់ទៅទិញមួកសុវត្ថិភាពមកពាក់ដោយខ្លួនឯង មួកមានតម្លៃត្រឹមតែ១,៥០០០ រៀលនោះទេ ប៉ុន្តែបើសិនជាព្រមឲ្យខាងមន្ត្រីនគរបាល ធ្វើការផាកពិន័យ គឺត្រូវសរសេរវិក្កិយបត្រជូន ពួកគាត់ក្នុងតម្លៃ១,៥០០០រៀល។ ជាមួយគ្នានោះ ឃើញថាបងប្អូនប្រជាពលរដ្ឋ បានចូលរួមយ៉ាងសស្រាកសស្រុំា ដោយទៅទិញមួកសុវត្ថិភាពមកពាក់ដោយខ្លួនឯងអស់ចំនួន៧០មួក។
លោកបញ្ជាក់ថា ក្រោយពីមានការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋនោះ គឺពួកគាត់បានយល់អំពីសុវត្ថិភាពផ្ទាល់ខ្លួនពួកគាត់ ម្នាក់ពេលធ្វើដំណើរ និងបានចូលរួមជាមួយមន្ត្រីនគរបាលដោយ ភាពញញឹមទទួលយក ដូច្នេះលោកសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ត្រូវតែចូលរួមជាមួយមន្ត្រីនគរបាល ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពខ្ពស់៕