Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ​ដកហូតទំនិញជាច្រើនមុខ ហួសកាលបិរច្ឆេទ នៅផ្សារក្នុងស្រុកកំចាយមារ

20-01-2017 17:46

(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ​សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលសេដ្ឋកិច្ច និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងណែនាំ ដល់អាជីវករលក់ដូរទំនិញ នៅតាមផ្សារ ស្រុកកំចាយមារ​ ដោយរកឃើញទំនិញជាច្រើនមុខ ហួសកាលបរិច្ឆេទ ដើម្បីយកទៅដុតកម្ទេចចោល។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើការត្រួតពិនិត្យ តាមផ្ទះលក់ទំនិញនានា នៅផ្សារកំពង់ត្របែកនេះ បានរកឃើញទំនិញខូចគុណភាព​១៩ មុខដាក់លក់ហួសកាលបរិច្ឆេទ ខូចគុណភាពទ្រង់ទ្រាយដើម និងបានធ្វើការដកហូត យកទៅទុកដុតកម្ទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ​ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យចៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ជៀសវាងនូវការដាក់តាំង លក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ី និងទំនិញ ដែលមានសារធាតុគីមីហាមឃាត់។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

នៅក្នុង​ឱកាសនោះក្រុមការងារ ក៏បានចុះពិនិត្យទីតាំងបិតស្រាសផងដែរ​ និងបានណែនាំដល់ម្ចាស់អាជីវកម្មត្រូវបិតស្លាកឲ្យបានត្រឹមត្រូវ និងគោរពតាមលក្ខណៈបច្ចេកទេសរបស់មន្រ្តីជំនាញ៕