(សៀមរាប)៖ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងអ្នកជំនាញការជាន់ខ្ពស់ផ្នែកបេតិកភណ្ឌ ព្រមទាំង អ្នកជំនាញជាតិ-អន្តរជាតិរបស់ស្ថាប័ន ពាក់ព័ន្ធជាច្រើននាក់ បានអញ្ជើញចុះទៅពិនិត្យមើល ការដ្ឋានកំណាយស្ពានហាល ប្រាសាទអង្គរវត្ត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ ក្នុងដំណើរចុះទស្សនកិច្ចនេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញពីការធ្វើកំណាយ និងលទ្ធផលដែល ទទួលបាន ពីការកំណាយដើម្បីចែកជូនដល់គណៈប្រតិភូជាន់ខ្ពស់ស្តាប់ ព្រមទាំងទទួលយកនូវការផ្តល់យោបល់កែលម្អ ពីអ្នកជំនាញវិញផងដែរ។
ជាធម្មតា មុននឹងដំណើរការកិច្ចប្រជុំបច្ចេកទេស ឬកិច្ចប្រជុំពេញអង្គរបស់ខ្លួន គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) តែងតែឱ្យអ្នកជំនាញការជាន់ខ្ពស់ ផ្នែកបេតិកភណ្ឌ ចុះបំពេញបេសកម្មរបស់ខ្លួន ដោយផ្ទាល់នៅតាម ការដ្ឋានកំពុងជួសជុល និងការដ្ឋានថ្មីដែលត្រៀមនឹងជួសជុល។
ក្នុងការចុះត្រួតពិនិត្យនេះ គឺផ្តោតលើគោលការណ៍សំខាន់៣ គឺផ្លាស់ប្តូរយោបល់បច្ចេកទេស អំពីការជួសជួល សម្ភារៈដែល យកមក ធ្វើការជួសជុល និងចំណុច ដែលត្រូវជួសជុល ដើម្បីឱ្យអ្នកជំនាញការបានស្វែងយល់ដោយផ្ទាល់ ហើយនឹង ធ្វើការពិភាក្សា ផ្តល់យោបល់ តើការអនុវត្តកន្លងមកអនុលោម ឬមិនអនុលោម ទៅតាមការឱ្យអនុសាសន៍ ពីកិច្ចប្រជុំកាលពីលើកមុន។
គួររំលឹកថា រាល់ការងារជួសជុលគឺទាមទារជាចាំបាច់ត្រូវតែស្របទៅតាមអនុសាសន៍របស់គណៈកម្មាធិការអន្តរជាតិដើម្បី សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍ រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរដើម្បីធានាបាននូវ និរន្តភាពនៃបេតិកភណ្ឌ ដោយមិនអាចធ្វេសប្រហែល នៅលើចំណុច ណាមួយបានឡើយ។
ចំពោះលទ្ធផលដែលទទួលបានពីការចុះទៅពិនិត្យការដ្ឋានកំណាយនៅស្ពានហាលនេះដែរ នឹងយកទៅពិភាក្សាគ្នាបន្តនៅក្នុង កិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងពេញអង្គលើកទី២៣ នាព្រឹកថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕