(ភ្នំពេញ)៖ ស្ថានីយ៍បុរាណមួយកន្លែង ដែលមានអាយុកាលរាប់សិបឆ្នាំគឺ «ទួលអង្គសាច់ជ្វា» ដែលស្ថិតនៅភូមិបឹងទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ នាពេលបច្ចុប្បន្ននេះ កំពុងរងការរំលោភបំពាន ដោយសារតែប្រជាពលរដ្ឋ បានសង់សំណង់រឹង កាត់លើស្ថានីយ៍បុរាណមួយនេះ។
មន្ដ្រីជំនាញបានបញ្ជាក់ថា «ទួលអង្គសាច់ជ្វា» ជាស្ថានីយ៍បុរាណវិទ្យា ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌ ដែលរៀបចំឡើងក្រោមកិច្ចសហការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសាលាបារាំងចុងបូព៌ា (EFEO)។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ លោក ជុំ វុឌ្ឍី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានសុំអន្ដរាគមន៍ ករណីរំលោភលើស្ថានីយ៍បុរាណ «ទួលអង្គសាច់ជ្វា» ទៅលោកឧត្តមសេនីយ៍ លី ឡាយ ប្រធាននាយកដ្ឋានគរបាលការពារបេតិកភណ្ឌ។
ក្នុងលិខិតអន្ដរាគមន៍នេះ លោក ជុំ វុឌ្ឍី បានបញ្ជាក់ថា «...ស្ថានីយ៍បុរាណ ទួលអង្គសាច់ជ្វា ត្រូវបានរំលោភបំពានដោយបុគ្គល ដែលមានដីកម្មសិទ្ធិនៅក្បែរនោះ បានសង់សំណង់រឹង កាត់លើស្ថានីយ៍បុរាណមួយនេះ ហើយកន្លងមកក៏មានការពិភាក្សា និងអន្ដរាគមន៍ពីសំណាក់ភូមិបាលខណ្ឌ ចៅសង្កាត់ រហូតឈានដល់ការហាមឃាត់ សម្ភារៈសំណង់ផ្សេងៗ...តែនៅមិនទទួលបានជោគជ័យ»។
បើតាមមន្រ្តីនគរបាលនៅនាយកដ្ឋានការពារបេតិកភណ្ឌ ទួលអង្គសាច់ជ្វា នេះស្ថិតនៅក្នុងសង្កាត់បឹងធំ១ ខណ្ឌពោធិសែនជ័យ។ ទួលនេះមានរាងជារង្វង់ មានវិជ្ជមាត្រប្រហែល៥០ម៉ែត្រ នៅជុំវិញសុទ្ធសឹងតែលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជុំវិញ។ តាមព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋសាងសង់លំនៅដ្ឋាន នៅក្នុងរង្វង់ដីកម្មសិទ្ធរបស់គាត់តែប៉ុណ្ណោះ ដូចនេះត្រូវមានការស្រាវជ្រាវបន្ថែមទៀត ទើបជាការល្អ៕