(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីចម្រុះរួមមាន មន្ត្រីសាធារណការ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តជាច្រើនរូប បានចុះអនុវត្តច្បាប់បច្ចេកទេសរថយន្តនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ប៉ុន្តែយុទ្ធនាការនេះ ត្រូវទទួលរងការរិះគន់ និងប្រតិកម្មពីម្ចាស់រថយន្តធំមួយចំនួនថា «អយុត្តិធម៌ដោយសារតែ ម្ចាស់រថយន្តមាន ខ្សែទុយោ (មានស្គាល់អ្នកធំ) ត្រូវអនុញ្ញាតឲ្យ ត្រឡប់ទៅវិញ បន្ទាប់ពីធ្វើកិច្ចសន្យា រីឯម្ចាស់រថយន្តដែលអត់មានស្គាល់ខ្សែទុយោ ត្រូវចាប់ឃាត់ទុក ដើម្បីផាកពិន័យ។
ពួកគាត់និយាយថា «រថយន្តដែលទន់ខ្សោយ និងគ្មានខ្នងខុសបច្ចេកទេសបានឲ្យកាត់ទ្រុងចោលនៅកន្លែងត្រួតពិនិត្យ»។
ម្ចាស់រថយន្តសំណូមពរដល់មន្ត្រីចម្រុះថា ការពិនិត្យ និងអនុវត្តរករថយន្តខុសបច្ចេកទេសនេះ សូមធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌ និងធ្វើឲ្យស្មើភាពគ្នា ទើបជាមន្ត្រីអនុវត្តតាមច្បាប់។
លោក ប៉ាល់ លីដា មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យបានប្រាប់ថា មន្ត្រីចម្រុះចុះពិនិត្យរករថយន្ត ខុសបច្ចេកទេសនេះ អនុវត្តកាលពីដើមខែមករា ឆ្នាំ២០១៧ កន្លងទៅ បានរយះពេល៧ថ្ងៃចាប់ពីថ្ងៃទី០១ ដល់៧ ខែមករា ឆ្នាំ២០១៧ បានត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបានចំនួន៣០៨គ្រឿង រថយន្តធំចំនួន៣០០គ្រឿង ត្រឹមត្រូវចំនួន១៧៧គ្រឿងរកឃើញខុសបច្ចេកទេស ចំនួន១០៦គ្រឿង និងរថយន្តដែលកាត់ទ្រុងបានចំនួន១៤គ្រឿង និងថយន្តខុសបច្ចេកទេសលើសជិត១ម៉ែត្រ និងដោះផ្លូវចំនួន៣គ្រឿង រថយន្តតូចប្រភេទតួរីសចំនួន៨គ្រឿងខុសបច្ចេកទេសត្រូវបានដោះទ្រុងក្រោយចេញ។
លោកបានបញ្ជាក់ថា ដោយឡែក មន្ត្រីចម្រុះបានអនុវត្តបន្ត១០ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ដល់៣០ ខែមករា ឆ្នាំ២០១៧ អនុវត្តដំបូង ត្រឹមម៉ោង១២ថ្ងៃត្រង់ ពិនិត្យបានប្រមាណ ជាង១០០គ្រឿង ហើយរកឃើញរថយន្តខុសបច្ចេកទេសចំនួន៥០គ្រឿង និងខុសបច្ចេទេស លើសជិត១ម៉ែត្រ ត្រូវបានចាប់ផ្តើមកាត់ទ្រុងជាបណ្តើៗផងដែរ។
លោក អ៊ុំ រាត្រី បានណែនាំដល់មន្ត្រីចម្រុះ ជាពិសេសមន្ត្រីជំនាញមន្ទីសាធារណការ និងដឹកចញ្ជូនខេត្តបន្ទាយមានជ័យ បន្តការអនុវត្តចុះពិនិត្យរករថយន្តខុសបច្ចេកទេស ឲ្យបានត្រឹមត្រូវធ្វើឲ្យដូចភ្លៀងរលឹម អនុវត្តឲ្យស្មើរភាពគ្នា។
មន្ត្រីចម្រុះដាក់ប៉ុស្តិ៍ពិនិត្យរករថយន្តខុសបច្ចេកទេស ដើម្បីការពារសុខសុវត្ថិភាព បើមានរថយន្តខុសច្ចេកទេស គឺប្រឈមគ្នា និងកើតឡើងគ្រប់ពេលវេលាសុំកុំឲ្យមានបន្តទៀត៕