(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ក្រាបទីតាំងជួញដូរ និងរក្សាទុកសារធាតុញៀន ឬឧបករណ៍ ផលិតគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ ព្រមទាំងឧបករណ៍ បម្រើឲ្យការជួញដូរ ជាច្រើនទៀត។
ប្រតិបត្តិការបង្ក្រាបនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះរបស់ឈ្មោះ ឡាក់ ចាន់បញ្ញា ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងរក្សាទុកសារធាតុញៀនខាងលើនេះ កម្លាំងរបស់លោកបានឃាត់ខ្លួនមុខសញ្ញាជាក់ស្តែង០៣នាក់ រួមមាន៖ ១-ឈ្មោះ ឡាក់ ចាន់បញ្ញា ( ហៅអូន ) ភេទប្រុស អាយុ២៦ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ២-ឈ្មោះ ឡាក់ ចាន់សំអឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៣-ឈ្មោះ ហ៊ីម ឡេះ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រមោលមាស ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១៤កញ្ចប់ក្នុងនោះ កញ្ចប់ធំ ០១កញ្ចប់ និងកញ្ចប់តូច ១៣កញ្ចប់ ទូរស័ព្ទដៃ ០៤គ្រឿង កាំភ្លើងខ្យល់កែឆ្នៃ ០២ដើម គ្រាប់កង់ ០១ប្រអប់ កន្ត្រៃសម្រាប់ កាត់ថង់ ០១ដាវសាំមរ៉ៃ ០១ដើម គ្រាប់ប្រាយ ០១គ្រាប់ និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង យើងបានកំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្ត ៕