(កណ្តាល)៖ ប្តីប្រពន្ធ២នាក់ បានរងរបួសត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពេលពួកគាត់ កំពុងបើកម៉ូតូតាមផ្លូវក៏ត្រូវកង់រថយន្ត កុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត «តិចស្រ៊ុន» របូតចេញពីរថយន្តកំពុងបើក មកបុកពួកគាត់ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល នឹងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ១៨-១៩ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅពេលវេលាហេតុខាងលើ ឈ្មោះ និន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ បានបើក រថយន្ថកុងតឺន័រមួយគ្រឿង ពណ៌ក្រហមពាក់ ស្លាកលេខ ភ្នំពេញ 3C-7020 របស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បើកបរទិសដៅភ្នំពេញ ទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែរថយន្ត បានរបូតកង់ក្រោយផ្នែកខាងឆ្វេង បណ្ដាលឲ្យបុកម៉ូតូសង់ស៊េរី ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-9486 បើកបរដោយ ឈ្មោះ ញ៉ែម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្កណ្ដាល ដឹកប្រពន្ធឈ្មោះ ម៉ម សុផល អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ដែលកំពុងចរាចរណ៍ លើដងផ្លូវ បណ្ដាលឲ្យរងរបស់ធ្ងន់ បាក់ជើងឈ្មោះ ញ៉ែម សារ៉ុម ខាងឆ្វេងនឹងប្រពន្ធ របួសស្រាល។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ខណៈរថយន្ត ទាំងសងខាង បានប្រមូលមធ្យោបាយរួមទាំងអ្នកបើកបរ មកកាន់អធិការដ្ឋាន ដើម្បីបន្តអនុវត្តនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា ចំពោះករណី គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរធ្វេសប្រហែសមិនបានពិនិត្យយាន មុនចេញដំណើរទើបបង្កឲ្យមានករណីនេះ កើតឡើង ប៉ៈពាល់រងគ្រោះដល់អ្នកដទៃ។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវ បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹង បំផុត លើរថយន្តបង្កនេះ ព្រោះមិនដូច្នេះទេ ពួកគេនៅតែធ្វេសប្រហេស បង្កគ្រោះថ្នាក់ដល់អ្នកដំណើរទៀតជាក់ជាមិនខាន៕