(ភ្នំពេញ)៖ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧ ឬហៅម្យ៉ាងទៀតថា ច្បាប់ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ផ្សព្វផ្សាយជាសាធារណៈចំនួន៤១ទំព័រ ដើម្បីឲ្យសាធារណជន ស្វែងយល់អំពីការប្រើប្រាស់ថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេស នៅឆ្នាំ២០១៧។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយថ្មីៗនេះ។
បើតាមព្រះរាជក្រមរបស់ព្រះមហាក្សត្រ ច្បាប់ថវិកាជាតិឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវចំណាយថវិកាជាតិចំនួន ២០ ១៨៤ ៤៥៧លានរៀល ដែលស្មើនឹងប្រមាណជាង៥ពាន់លានដុល្លារ។
សូមជម្រាបថា ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧ ត្រូវបានសភាអនុម័តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នឹងត្រូវបានព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា បង្គាប់ឲ្យប្រើប្រាស់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦៕