(ភ្នំពេញ)៖ ក្នុងយុទ្ធនាការដំបូងចុះអប់រំ ផ្សព្វផ្សាយ ណែនាំ ដល់ក្រុមអាជីវករ និងតាមបណ្ដាស្ដារម៉ាត ដែលមានលក់បារី តំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងសុខាភិបាល បានបញ្ជាក់ថា «នៅស្ដារម៉ាតដែលស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ទនៈ មិនត្រូវបានអនុញ្ញាតឲ្យ លក់បារីជាដាច់ខាត»។
យុទ្ធនាការនេះត្រូវបានធ្វើនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការសហការគ្នារវាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល។
លោក ពៅ ឆាយ ប្រធានការិយាល័យពាណិជ្ជកម្ម ខណ្ឌចំការមន និងតំណាងឲ្យមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ក្នុងពេលយុទ្ធនាការនេះ បានឲ្យដឹងថា «ស្ដារម៉ាតនៅក្នុងស្ថានីយ៍ប្រេង ត្រូវបានអនុញ្ញាតឲ្យលក់បារី ជាដាច់ខាត ដោយឡែក សា្ដរម៉ាតដែលមិននៅក្នុងស្ថានីយ៍ប្រេង គឺយើងអនុញ្ញាតឲ្យលក់ដូចធម្មតា ប៉ុន្ដែបារីមួយម៉ាក អនុញ្ញាតឲ្យដាក់តាំងតែមួយកញ្ចប់ប៉ុណ្ណោះ ហើយការដាក់តាំង គឺត្រូវដាក់នៅក្នុងទូរដែលមានទំហំ ២ពាន់សង់ទីម៉ែត្រការ៉េ»។
លោកបញ្ជាក់ថា ក្រោយបញ្ចប់យុទ្ធនាការ មន្ដ្រីជំនាញសង្កេតឃើញថា ទីតាំងខ្លះនៅមិនទាន់យកបារីដែលមានសារព្រមានថ្មី មកលក់នោះទេ ពោលគឺនៅបន្ដយកកញ្ចប់រូបរាងចាស់មកលក់ដដែល ហើយទីតាំងខ្លះ គឺលើកញ្ចប់បារីមិនទាន់មានសារព្រមានតែម្ដង។ បន្ថែមពីនេះ លោកបានឲ្យដឹងថា មន្ដ្រីជំនាញនឹងបន្ដអប់រំ ណែនាំ ដល់ទីតាំងណាដែលបានដាក់លក់បារី ហើយមិនកំណត់ថា នៅក្នុងខណ្ឌណាមួយនោះទេ ពោលនៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ។
លោកបានសង្កត់ធ្ងន់ថា បន្ទាប់ការណែនាំនេះចប់ មន្ដ្រីជំនាញនឹងត្រួតពិនិត្យឡើងវិញសារជាថ្មី ហើយប្រសិនបើមិនអនុវត្តតាមការណែនាំនោះទេ ជំនាញនឹងចាត់វិធានការព្រមានតាមផ្លូវច្បាប់ជាមិនខាន៕