(ភ្នំពេញ)៖ ក្រុមមន្រ្តីពេទ្យជំនាញមកពីវិទ្យាស្ថានប៉ាស្ទ័រជាតិ-អន្តរជាតិ សហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យបសុពេទ្យខណ្ឌ៧មករា និងគណៈកម្មការផ្សារអូរឬស្សី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានចុះទៅដកយកសំណាកបក្សីមួយចំនួន ដើម្បីទុកពិសោធន៍ស្វែករកមេរោគណាមួយ ដែលកើតមានឡើង។
គណៈកម្មការផ្សារអូរឬស្សី បានថ្លែងថា យុទ្ធនាការរបស់មន្រ្តីជំនាញពេទ្យជំនាញទាំងនេះ បានធ្វើឡើងដើម្បីសុខភាព និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ ដែលត្រូវការហូបប្រចាំថ្ងៃ។
មន្រ្តីបានបញ្ជាក់ថា «យើងចុះធ្វើការអប់រំណែនាំ ពីវិធានការការពារការឆ្លងជំងឺពីបក្សី និងយកសំណាកពីបក្សី មានលាមក ស្លេស ត្បាលពីបំពង់ខ្យល់ និងក្លូអាក់មាន់ទារស់ យកទៅពិសោធន៍នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រផងដែរ»។
សម្រាប់យុទ្ធនការមួយនេះក្រុមមន្រ្តីជំនាញ នឹងធ្វើឡើងជាបន្តបន្ទាប់នៅតាមផ្សារ ព្រមទាំងទីតាំងលក់សត្វបក្សី៕