(ភ្នំពេញ)៖ ក្រុមហ៊ុន Epson បានប្រារព្ធពិធីអបអរសាទរ ដល់ភាពជោគជ័យ នៃផលិតផលម៉ាក L-Series របស់ខ្លួន ក្នុងថ្ងៃគម្រប់ខួប លើកទី៦ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២១០៧ ដែលត្រូវបានលក់ដាច់អស់ដល់ទៅ១៥លានគ្រឿង នៅក្នុងទ្វីបអាស៊ីតែមួយគត់ និងបានប្រកាសផែនការ ចូលមកក្នុងទីផ្សារកម្ពុជា ដើម្បីទាញយកប្រយោជន៍បន្ថែមទៀត តាមរយៈការ ដាក់បង្ហាញនូវផលិតផល ម៉ាស៊ីនព្រីន New LSeries ចំនួន៦បូករួម និងម៉ាស៊ីនស្គែន enterprise-level ចំនួន៤បន្ថែមទៀត ។
លោក Yunyong Muneemongkoltorn ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Epson ប្រទេសថៃ បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន Epson បានចាប់ផ្តើមផលិត និង ដាក់ម៉ាស៊ីនព្រីនម៉ាក L-Series inkjet tank ឲ្យចរាចរនៅលើទីផ្សារក្នុងឆ្នាំ ២០១០ ការលក់លូតលាស់យ៉ាង ឆាប់រហ័ស ធ្វើឲ្យផលិតផលម៉ាក L-Series បន្តចេញលក់ស៊េរីថ្មីជាបន្តបន្ទាប់ទៀត គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុនបានលក់ផលិតផល ម៉ាក L-Series អស់១៥លានគ្រឿងរួចទៅហើយ គិតក្នុងតំបន់អាស៊ីតែមួយគត់ សម្រាប់ទីផ្សារកម្ពុជា ក៏មានការកើនឡើងជា រៀងរាល់ឆ្នាំដែរ»។
លោក Yunyong Muneemongkoltorn បានបន្តទៀតថា ថ្ងៃនេះមានដាក់បង្ហាញផលិតផលម៉ាក L-Series ចំនួន៦ម៉ូដែល ខ្លះជាម៉ូដែល ថ្មីសុទ្ធសាធ និងខ្លះទៀតគឺជាកំណែប្រែពី ម៉ូដែលចាស់ឲ្យកាន់តែមានគុណសម្បត្តិប្រសើរឡើង។ បច្ចុប្បន្ននៅលើទីផ្សារ មានម៉ាស៊ីន ព្រីនម៉ាក L-Series មានចំនួន១៦ ម៉ូដែលហើយ ដើម្បីឆ្លើយតបទៅនឹងគ្រប់តម្រូវការរបស់ អតិថិជនក្នុងនោះរួមមាន ម៉ាស៊ីនព្រីនដែល មានមុខងារព្រីនតែមួយមុខ ម៉ាស៊ីនព្រីនដែលមានមុខងារច្រើន ម៉ាស៊ីនព្រីនរូបថត និងម៉ាស៊ីនព្រីនសខ្មៅ សម្រាប់ឲ្យអតិថិជន ជ្រើសរើស។
លោក Yunyong បានបន្ថែមថា ថ្ងៃនេះក្រុមហ៊ុន Epson ក៏បានដាក់បង្ហាញម៉ាស៊ីនស្គែនប្រភេទ enterprise-level ថ្មីចំនួន៤ផងដែរ DS-360W ជាម៉ាស៊ីនស្គែនចល័ត និងដំណើរការដោយប្រព័ន្ធ Wi-Fi ចំណែក DS-530 និង DS-570W ក្នុងមួយថ្ងៃអាចស្គែនបានរហូត ដល់ ៤០០០ សន្លឹកក្រដាស A4 ។
លោក Yunyong បានបន្ថែមទៀតថា លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះអាចវាស់ប្រវែងឯកសារដើមបានទៀតផង ដើម្បីបង្ការ បញ្ហាទំព័រជាន់គ្នា Flatbed Dock គឺជាជម្រើសសម្រាប់អ្នកប្រើប្រាស់ដែល ចង់ស្គែនបាន ច្បាស់ម៉ដ្ឋល្អ DS-1630 ជាម៉ូដែលថ្មីដែល អាចស្គែន និងផ្ញើឯកសារទៅកាន់អ្នកប្រើច្រើននាក់ តាមបណ្តាញក្នុងពេលតែមួយ ម៉ាស៊ីនស្គែនថ្មីទាំងបួននេះ គឺជាកំណែប្រែថ្មី តាមរយៈកំណែប្រែថ្មីនេះ ធ្វើឲ្យម៉ាស៊ីនស្គែនទាំងនេះមានសមត្ថភាពកាន់តែល្អប្រសើរ មានមុខងារច្រើន និងស្គែនបានលឿនជាងមុន ជាការពិតណាស់ ល្បឿនស្គែន គឺលឿនជាងមុន រហូតដល់៣៥ភាគរយឯនោះ។
សូមជម្រាបថា ក្រុមហ៊ុន Epson ថៃ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណង លើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ និង អនុតំបន់ឥណ្ឌូចិន៕