(ភ្នំពេញ)៖ ដោយមានការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២សប្ដាហ៍ ដើមឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញឲ្យស្នងការនគរបាលរាជធានី-ខេត្ត ត្រូវបន្តពង្រឹងលើការអនុវត្ត និងពង្រឹងសមត្ថភាព គុណភាព លើការអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើង ក្នុងកិច្ចប្រជុំបង្កើនវិធានការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «នាពេលនេះ បញ្ហាដែលត្រូវប្រឈមគឺ ការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ ស្ថានភាពចរាចរណ៍ ដូចជាការកកស្ទះចរាចរណ៍ ការបាត់សណ្ដាប់ធ្នាប់ ដូចនេះត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេស ការបែងចែកកងកម្លាំងទៅតាមពេលវេលា និងគោលដៅ ឲ្យបានច្បាស់លាស់»។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមនឹងអង្គភាព ស្ថាប័នពាក់ព័ន្ធ ចុះអប់រំ ណែនាំ ជួបជាប្រចាំជាមួយមុខសញ្ញា ដែលងាយគ្រោះថ្នាក់ចរាចរណ៍ រួមមាន រថយន្តដឹកម្មករ-កម្មការិនី រថយន្តដឹកអ្នកដំណើរ ជាពិសេស អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ព្រមទាំងកែប្រែឥរិយាបថ កងកម្លាំងនគរបាល ប្រសិនបើមានមន្រ្តីនគរបាលណា ដែលប្រព្រឹត្តិខុសច្បាប់ ត្រូវអនុវត្តទៅតាមច្បាប់។
តាមរបាយការណ៍របស់អនុកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់បានកើតឡើង ១៦៦លើក (ពេលយប់ ៥៤ភាគរយ) ក្នុងមួយថ្ងៃមានចំនួន១១.៨លើក ស្លាប់ចំនួន៨០នាក់ (អ្នកជិះម៉ូតូ ៧៨ភាគរយ) ក្នុងមួយថ្ងៃស្លាប់មានចំនួន ៥.៧នាក់ របួសចំនួន២៥២នាក់ ក្នុងមួយថ្ងៃមានចំនួន១៨នាក់ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់កើនឡើង ១៩លើក ស្មើ ១១ភាគរយ ស្លាប់៨០នាក់ ស្មើគ្នា និងរបួសថយចុះ ១១៤នាក់ ស្មើ៤៥ភាគរយ។
មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ រួមមានល្បឿន៣១ភាគរយ ស្រវឹង១៣ភាគរយ មិនគោរពសិទ្ធិ១៣ភាគរយ (ការបំពានច្បាប់) បត់១៤ភាគរយ ជែង១១ភាគរយ (ការធ្វេសប្រហែស) មិនប្រកាន់ស្ដាំ ១២ភាគរយ (ការមិនយល់ដឹងច្បាប់)។
គួរបញ្ជាក់ដែរថា ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រគល់ឧបករណ៍សម្រាប់វាស់ល្បឿន ដល់នាយកដ្ឋាន និងបណ្ដាលស្នងការដ្ឋាននគរបាលខេត្ត មួយចំនួន សរុប១០គ្រឿង ដើម្បីសម្រួលដល់ការអនុវត្តច្បាប់ចរាចរណ៍ ផងដែរ៕