(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត ពីឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលបានដឹកនាំក្រុមសង្គ្រោះបន្ទាន់៧១១ របស់កងពលចំនួន៦នាក់ បានចេញដំណើរទៅ ទស្សនកិច្ច និងធ្វើកម្មសិក្សា នៅទីក្រុងកូបេ ប្រទេសជប៉ុន រយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ មករា ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រោមកិច្ច សហប្រតិបត្តិការ និងជួយឧបត្ថម្ភ របស់អង្គការ JPR ដែលមានលោក ម៉ា សាយ ជាប្រធាន។
សម្រាប់ការទស្សនកិច្ច និងធ្វើកម្មសិក្សាលើកនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ដើម្បីស្វែងរកចំណេះដឹងបន្ថែម ផ្នែក សង្គ្រោះបន្ទាន់ និងជំនាញពន្លត់អគ្គីភ័យ ហើយនៅពេលដែលត្រលប់មកកាន់ ប្រទេសវិញអ្នកទាំងនោះនឹងក្លាយទៅជា គ្រូបង្គោលសម្រាប់បណ្តុះបណ្តាលដល់សិក្ខកាមក្នុងអង្គភាពបន្តទៀត។
តាំងពីថ្ងៃធ្វើដំណើរទៅដល់ទីក្រុងកូបេ ប្រទេសជប៉ុន ក្រុមសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកនាំ ដោយលោក ឧត្ដមសេនីយ៍ទោ សូយ ណារិទ្ធ បានទទួលការបង្ហាត់បង្រៀននូវជំនាញផ្នែកសង្គ្រោះបន្ទាន់និងផ្នែកពន្លត់អគ្គីភ័យ ពីសំណាក់ គ្រូជនជាតិជប៉ុន ដូចជា ក្នុងករណីរថយន្ដបុក រថយន្ដ គ្រោះអគ្គិភ័យ និងការជួយសង្គ្រោះជនរងគ្រោះ តាមរយៈឧទ្ធម្គាគចក្រ ជាដើម។
ជាមួយគ្នានេះ ក្រុមការងារបានរៀនសូត្រ និងហ្វឹកហាត់ជាមួយឧបករណ៍ទំនើបៗនៅទីនោះ ព្រមទាំងមានការស្នើសុំឱ្យភាគី ជប៉ុន បន្ដជួយឧបត្ថម្ភសម្ភារៈ និងឧបករណ៍ទាំងនេះមកដល់អង្គភាព៧១១ សម្រាប់ការអនុវត្ដនៅក្នុងប្រទេសកម្ពុជា ។
ជាពិសេសប្រជាពលរដ្ឋជប៉ុន ជាច្រើននាក់ចូលចិត្តទស្សនា និងតាមដានពីសកម្មភាព ជួយសង្គ្រោះរបស់អង្គភាព៧១១ ណាស់ ដែលត្រូវបានចាក់បញ្ចាំងតាម កញ្ចក់ទូរទស្សន៍ និងគេហទំព័ររបស់ JPR ។
គួររំលឹកថា កន្លងមកក្រុមសង្រ្គោះបន្ទាន់៧១១ ទទួលបានរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ សម្ភារៈជាច្រើនមុខ សំរាប់បំរើការសង្គ្រោះនិងសំរាប់បំរើការប្រតិបត្តិការពន្លត់អគ្គីភ័យ និងជួយបណ្តុះបណ្តាលជំនាញទាំងពីរខាងលើបានជា ច្រើនវគ្គរួចមកហើយ៕