(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោល នយោបាយស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជាមួយស្ថាប័នហិរញ្ញវត្ថុពហុភាគីសំខាន់ៗ។
កិច្ចប្រជុំនេះដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានស្ថានតំណាង ស្ថាប័នហិរញ្ញវត្ថុពហុភាគីសំខាន់ៗ ប្រចាំកម្ពុជា ដែលមានតួនាទីធ្វើការតាមដាន វិភាគវាយតម្លៃ និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ច របស់ពិភពលោក ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្រៅពីនេះ ក៏បានការចូលរួមផងដែរពីតំណាងធនាគារជាតិនៃកម្ពុជា នាយកប្រតិបត្តិធនាគារ ANZ Royal តំណាងសមាគមរោងចក្រ កាត់ដេរ និងប្រធានមជ្ឈមណ្ឌលសិក្សា គោលនយោបាយព្រមទាំងមន្រ្តីជាន់ខ្ពស់ និងក្រុមសេដ្ឋកិច្ចវិទូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ ដែលត្រូវបានរៀបចំជាលើកទី១នេះ មានគោល បំណងធ្វើការពិគ្រោះយោបល់ ហើយរួមគ្នាធ្វើការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ និងពិភពលោកដូចជាលើ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០១៧នេះ និងបណ្តាឆ្នាំទៅខាងមុខទៀត ព្រមទាំងដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរ មតិលើជម្រើសគោលនយោបាយដែលត្រូវដាក់ចេញ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏មានគោលបំណងប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំច្បាប់ថវិកាជាតិឆ្នាំ២០១៨។
លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា នៅចំពោះមុខនៃស្ថានភាពវិវត្តន៍ដ៏ស្មុគស្មាញនៃពិភពលោក ទាំងជាសេដ្ឋកិច្ចទាំងជា នយោបាយ ពិសេសការលេចឡើងនូវចរន្តនៃការគាំទ្រ ក៏ដូចជាចរន្តនៃការប្រឆាំងចំពោះសកលភាវូបនីយកម្ម (Globalization) ក្នុងពេលថ្មីៗនេះ រួមទំាងភាពចំរូងចំរាស់នៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ, ទាមទារឱ្យកម្ពុជាត្រូវតាមដាននូវស្ថានភាពវិវត្តន៍ ខាងលើឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ ហើយត្រៀមខ្លួនឱ្យបានល្អដើម្បីដាក់ចេញនូវវិធានការគោលនយោបាយ ដែលមានលក្ខណៈ ឆ្លើយតប ទាំងនៅក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច ទាំងនៅក្នុងផែ្នកហិរញ្ញវត្ថុសាធារណៈជាពិសេសត្រូវរៀបចំនូវសេនារីយ៉ូដែលល្អបំផុត ដើម្បីជំរុញកំណើន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធ (Structural change)។
ជារួមកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០១៦ នឹងសម្រេចបានក្នុងរង្វង់ ៧% ដោយសារកំណើនប្រសើរជាងមុននៃវិស័យកសិកម្ម ទោះបីកំណើននៃវិស័យឧស្សាហកម្ម និងសេវាកម្មមានភាពថមថយបន្តិចក្តី។ កំណើននៃវិស័យកសិកម្ម ដោយសារកត្តាអាកាសធាតុ មានលក្ខណៈអំណោយផលល្អ ហើយតម្លៃកសិផលមានការកើនឡើង។
ដោយឡែកវិស័យឧស្សាហកម្ម ដែលមានវិស័យកាត់ដេរជាជន្ទល់ មានការថមថយបន្តិចបន្តួច ដោយសារការកើនឡើងនៃតម្លៃ ប្រាក់ដុល្លារ និងការថមថយនូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនោះរួមទាំងបញ្ហាពាក់ព័ន្ធនឹងកំណើនប្រាក់ឈ្នួល កម្មករផងដែរ។ ទោះបីវិស័យសំណង់មានការធ្លាក់ចុះនូវកំណើនបន្តិច តែនេះជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ច។ វិស័យសេវាកម្ម ក៏មានការថមថយ ដោយកំណើនយឺតនៃចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជា។
តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០១៧ នេះ និងឆ្នាំ២០១៨ ខាងមុខ នឹងអាចសម្រេចក្នុងរង្វង់ ៧%ដោយសារ ការបន្តកើនឡើង នៃវិស័យកសិកម្មនិងភាពរឹងមាំឡើងវិញជាបណ្តើរៗនៃ សេដ្ឋកិច្ចពិភពលោកដែលនឹងបន្តគាំទ្រដល់វិស័យ ឧស្សាហកម្មនិងសេវាកម្ម។ ដើម្បីសម្រេចបាននូវកំណើនេះ ក៏ដូចជាដើម្បីជំនះបាននូវបញ្ហាប្រឈមនិងហានិភ័យនានាមកលើ សេដ្ឋកិច្ច, កម្ពុជាត្រូវដាក់ចេញនូវវិធានការគោលនយោបាយចាំបាច់មួយចំនួន នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដែលរួមមាន៖
ក-បន្តធានាជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈ៖ (១).ខិតខំទ្វេដងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ដើម្បីបំពេញ បន្ថែមការវិនិយោគក្នុងស្រុក ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដែលសំដៅរកការបង្កើតនូវយន្តការហិរញ្ញប្បទានថ្មីៗ សម្រាប់បម្រើ ឱ្យសកម្មភាពសេដ្ឋកិច្ច ដូចជា ការបន្តខិតខំស្វែងរកប្រភពទុនថ្មីៗបន្ថែមទៀត ជាពិសេសការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ (bond market) និងទីផ្សាររូបិយប័ណ្ណ (money market), (២).ជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្មដែលជាយុទ្ធសាស្រ្ត កំណើនថ្មីរបស់ជាតិ ដែលការអនុវត្តកន្លងមកហាក់ដូចជានៅមិនទាន់ទទួលបានលទ្ធផលផ្លែផ្កា ឱ្យមានសន្ទុះខ្លាំងក្លាឡើង សំដៅជំរុញល្បឿននៃការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មឱ្យកាន់តែខ្លាំងក្លា មានភាពប្រកួតប្រជែង និងមានតម្លៃបន្ថែមកាន់តែខ្ពស់ រួមទាំងការបង្កើនសង្វាក់ផលិតកម្មនៅក្នុងឧស្សាហកម្មកាត់ដេរ ម្ហូបអាហារ និងភេសជ្ជៈ ការតំឡើងគ្រឿងម៉ាស៊ីនគ្រឿងអេឡិចត្រូនិច និងឧស្សាហកម្មថ្មីៗទៀតដែលគាំទ្រនិងជំរុញសកម្មភាពសេដ្ឋកិច្ច និង(៣).បង្កើនចំណាយលើវិស័យអាទិភាពសំខាន់ៗ ដូចជាអប់រំ និងការអភិវឌ្ឍជំនាញ ព្រមទាំងការបង្កើនការវិនិយោគប្រព័ន្ធធារាសាស្រ្ត និងវិស័យហេដ្ឋរចនាសម្ព័ន្ធរូបវន្តសំខាន់ៗផ្សេងៗទៀត ដោយផ្អែកលើផែនការមេមួយច្បាស់លាស់ ជាពិសេសចំពោះវិស័យគមនាគមន៍និងដឹកជញ្ជូន និងវិស័យថាមពល។
ខ-បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈ៖
(១).ការដាក់ចេញនូវវិធានការសមស្រប ដើម្បីធានាបាននូវស្ថិរភាពថ្លៃ,(២).ការកាត់បន្ថយកំណើនដ៏ខ្ពស់ក្នុងវិស័យឥណទានធនាគារដោយសន្សឹមៗ និងដោយប្រយ័ត្នប្រយែង ស្របទៅតាមស្ថានភាពសេដ្ឋកិច្ច និងបង្កើនគុណភាពនៃការផ្តល់ឥណទាន ដោយផ្តោតទៅលើវិស័យផលិតកម្ម និងពាណិជ្ជកម្ម (៣).បង្កើនសមត្ថភាពត្រួតពិនិត្យលើធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (៤).បន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអចលនទ្រព្យ តែខិតខំជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល
(៥).បង្កើនយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ពាក់ព័ន្ធនឹងកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ព្រមទាំងបន្តពិនិត្យលទ្ធភាពបន្ថយអត្រាការប្រាក់ខ្ពស់ក្នុងវិស័យនេះនិង (៦).បន្តធានាបាននូវតុល្យភាពថវិកា និងគ្រប់គ្រងថវិកាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
គ-ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធ តាមរយៈ៖
ការគិតគូរពិនិត្យឡើងវិញនូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មី ចំពោះវិស័យសំខាន់ៗមួយចំនួននៅក្នុងសេដ្ឋកិច្ច ជាពិសេសការងារ, វិស័យកសិកម្ម និងវិស័យទេសចរណ៍ ព្រមទាំងវិស័យទ្រទ្រង់សំខាន់ៗ ដើម្បីជំរុញកំណើន លើកកម្ពស់ផលិតភាព និងប្រសិទ្ធភាព ព្រមទាំងភាពប្រកួតប្រជែង។
ចំពោះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាវិញក៏មានលក្ខណៈរឹងមាំ និងល្អប្រសើរផងដែរ ដោយសារការខិតខំប្រឹងប្រែងយ៉ាង មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការកៀគរចំណូលគ្រប់ប្រភេទ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងដោយការ ពង្រឹង និងការកែលម្អការគ្រប់គ្រងចំណាយថវិកាជាបន្តបន្ទាប់។
រាជរដ្ឋាភិបាលនឹងបន្តជំរុញការកៀគរចំណូលឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសរក្សាឱ្យបាននូវចីរភាពចំណូលជាមួយនឹងកំណើន ខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកទន្ទឹមនឹងការរៀបចំប្រព័ន្ធពន្ធដារថ្មីនៅឆ្នាំ២០១៩ ដើម្បីឆ្លើយបតទៅនឹងបរិការណ៍ថ្មីនៃសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាដើម្បីទ្រទ្រង់បរិការណ៍នៃការអភិវឌ្ឍថ្មីពីប្រទេសចំណូលទាបទៅប្រទេសចំណូលធម្យម ព្រមទាំងដើម្បី ទ្រទ្រង់ដល់ការប្រកួតប្រជែង និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ខាងផ្នែកចំណាយវិញ ក្រៅពីបានខិតខំបង្កើនចំណាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រទេសជាតិ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាជន ក៏ដូចជាដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់រដ្ឋ ព្រមទាំងដល់វិស័យអាទិភាពសំខាន់ៗ ដូចជា អប់រំ សុខាភិបាលនិង កសិកម្មជាដើម, យើងក៏បានបង្កើនគុណភាពនៃចំណាយផងដែរ ទាំងតាមរយៈការលើកប្រសិទ្ធភាពនៃការវិភាជថវិកា នៅក្នុងពេល រៀបចំថវិកា ពិសេសពេលចរចាថវិកា និងទាំងតាមរយៈនៃការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការចំណាយ នៅក្នុងពេល អនុវត្តថវិកា។
ការប្រកាន់ខ្ជាប់នូវវិន័យថវិកាខាងលើនេះ បានជួយធ្វើឱ្យកម្ពុជាសម្រេចបាននូវអតិរេកសាច់ប្រាក់ សម្រាប់ត្រៀមទប់ទល់វិបត្តិកលិយុគ និងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សម្ពាធនៃកំណើនប្រាក់បៀវត្សបានទប់ ចំណាយមូលធន ដែលជាឧបករណ៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ផលិតភាពនិងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច មិនឱ្យកើនឡើង ខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកប្រភពទុនថ្មីៗបន្ថែមទៀត សម្រាប់បង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពិសេសការវិនិយោគលើការតភ្ជាប់ និងវិស័យអាទិភាពផ្សេងៗទៀត ដូច ថាមពល និងធារាសាស្រ្តជាដើម,ទន្ទឹម នឹងការពង្រឹងការ គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃចំណាយ វិនិយោគសាធារណៈ ៕