(ភ្នំពេញ)៖ ខណៈមានវត្តមាន នៅប្រទេសស៊្វីស រយៈពេល២ថ្ងៃ នៅថ្ងៃទី១៨ និង ១៩ ខែមករា ឆ្នាំ២០១៧ មកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំណាយពេលធ្វើដំណើរ ដោយថ្មើរជើងជាបន្តបន្ទាប់ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ -១៨អង្សាសេ។ នេះបើតាមការបង្ហោះនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook នៅមុននេះបន្តិចថា «កាលពីល្ងាចថ្ងៃ១៨មករា២០១៧ ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត ខ្ញុំសាកល្បងដើរក្នុងចម្ងាយ ផ្លូវប្រមាណ៣០០ម៉ែត្រ។ ម្សិលមិញ ថ្ងៃ១៩ មករា ២០១៧ ពេលទៅជួបប្រធានាធិបតីស្វីស ខ្ញុំជិះរថយន្ត តែពេលត្រឡប់មកវិញខ្ញុំសាកល្បងដើរពីផ្ទះប្រធានាធិបតី មកកាន់សណ្ឋាគារវិញ ក្រោមធាតុអាកាសត្រជាក់ -18 ជាមួយភាពរអិលនៃទឹកកក ដែលតម្រូវឱ្យពាក់ទ្រនាប់ជើងដូចទ្រនាប់ជើងសេះដើម្បីកុំឱយរអិល។ មែនអ្នកដទៃធ្វើបាន និងទ្រាំទ្របានយើងក៏ធ្វើបានដូចគ្នា»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាននិងកំពុងមានវត្តមាននៅប្រទេសស្វីសរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ បានប្រារព្ធឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»៕