(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានបន្តសវនាការសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាករណីកក្រើកនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ប៉ុន្តែសវនាការនេះ គ្មានវត្តមានលោក ថោង សារ៉ាត់ ដែលជាមេខ្លោងនោះទេ ពោល មានតែក្រុមអង្គរក្ស៤នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនមកឲ្យអង្គុយស្ដាប់ចម្លើយសាក្សីនៅក្នុងសវនាការ។
មន្ត្រីតុលាការបានបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហ៉ឹង ប៊ុនថន ជាតំណាងអយ្យការ។
បើតាមមន្រ្តីតុលាការ សវនាការនេះ ផ្ដោតសំខាន់លើការសាកសួរយកចម្លើយពីសាក្សីដែលជាប្រពន្ធរបស់កងអង្គរក្ស លោក ថោង សារ៉ាត់ ប៉ុណ្ណោះ។ ចំពោះក្រុមអង្គរក្សដែលជាប់ចោទទាំង៤នាក់ បានផ្ដល់ចម្លើយនៅក្នុងសវនាការរួចហើយ លើកលែងតែលោក ថោង សារ៉ាត់ ម្នាក់ប៉ុណ្ណោះ ដែលមិនទាន់ផ្ដល់ចម្លើយនៅចំពោះមុខក្នុងសវនាការ។
មានសាក្សីជាង៦០នាក់ដែលត្រូវផ្ដល់ចម្លើយក្នុងតុលាការនៅក្នុងសំណុំរឿងឃាតកម្មនេះ ក្នុងនោះមានសាក្សីខ្លះជាឧកញ៉ា មេធាវី សមត្ថកិច្ច ប្រជាពលរដ្ឋ និងប្រពន្ធរបស់ លោក ថោង សារ៉ាត់ ជាដើម ដែលសាក្សីខ្លះជាសាក្សីដោះបន្ទុក ហើយសាក្សីខ្លះជាសាក្សីដាក់បន្ទុក។
លោក ទួត លុច ជាមេធាវីការពារក្ដីលោក ថោង សារ៉ាត់បានបញ្ជាក់ថា លោក ថោង សារ៉ាត់ ឡើងសម្ពាធឈាមខ្ពស់ មិនអាចផ្ដល់ចម្លើយក្នុងសវនាការបានទេ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕