(ភ្នំពេញ)៖ «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួកល្មមឈប់ល្ងង់និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី គេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀនថែមទៀតទៅ កុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា» នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើចេញពីទីក្រុង Davos ប្រទេសស្វីស នាវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧នេះ។
ការប្រតិកម្មឆ្លើយតបបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងបន្ទាប់ពីអង្គការ Global Witness ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បានប្រតិកម្មចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសំណូមពរឲ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស បិទទ្វារបណ្តេញកម្ពុជាចេញ។
«វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស គួរតែងាកចេញពីនាយករដ្ឋមន្ត្រីកម្ពុជា និងបិទទ្វារចំពោះមេដឹកនាំនេះ មិនគួរអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ធ្វើជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍នេះ ក្នុងបំណងទាក់ទាញវិនិយោគទុនថ្មីពីបរទេសនោះទេ» នេះជាការលើកឡើងរបស់គេហទំព័រ Global Witness។
កាលពីម្សិលមិញលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សំដីរបស់ជនពាល និងអង្គការបិសាចអន្តរជាតិ «Alice Harrison, Global Witness» គឺតែងតែញុះញង់ ប្រឌិតរឿងខុសការពិត ប្រឆាំងនឹងភាពក្សេមក្សាន្តរបស់កម្ពុជា ហើយក៏បានបង្ហាញការពិតនៃក្តីអស់សង្ឃឹម ភាពទាល់ច្រករបស់ខ្លួន ចំពោះភាពបរាជ័យនៃរបាយការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និងញុះញង់ ដែលតែងតែធ្វើក្នុងរយៈពេលកន្លងមកចំពោះកម្ពុជា៕