Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀត របស់អ៊ីតាលី នាំភ្ញៀវ នាវិក និងអ្នកបម្រើជាង១ពាន់នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

20-01-2017 12:35

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀតមានឈ្មោះ Costa Victoria ដែលនាវិកមានសញ្ជាតិ Italy នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយនាំក្រុមភ្ញៀវ នាវិក និងអ្នកបម្រើជាង១ពាន់មកជាមួយផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅលើនាវាយក្សមួយនេះ មានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន៣៧២នាក់ ក្នុងនោះស្រី២១២នាក់ មាន៧សញ្ជាតិរួមមាន៖ ភ្ញៀវទេសចរណ៍ជនជាតិថៃចំនួន១៥នាក់ និងភ្ញៀវទេសចរណ៍ជាតិចិនចំនួន៣៤១នាក់។ ដោយឡែកនាវិក និងអ្នកបម្រើមានចំនួន៧២៣នាក់ ក្នុងនោះស្រី១៥០នាក់ មាន៣០សញ្ជាតិ។

បើតាមលោកស្នងការ នាវានេះមានបណ្តោយប្រវែង 250,97 ម៉ែត្រ ទទឹងប្រវែង32.25 ម៉ែត្រ ជំរៅទឹក8ម៉ែត្រ។ លោកស្នងការក៏បានបញ្ជូនកម្លាំងនគរបាល ទៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមភ្ញៀវទាំងនេះផងដែរ។

បើតាមរបាយការណ៍ នាវាចេញដំណើរមកពីប្រទេសថៃ និងបន្តដំណើរទៅប្រទេស ចិន នៅវេលាម៉ោង៥ល្ងាច៕