(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមករា ឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើ ការដាក់ផែនការបង្ក្រាបគ្រឿងញៀន និងបទល្មើសគ្រប់រូបភាពតាមមូលដ្ឋាន កាន់តែខ្លាំងឡើងដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ និងនាយកសាលារៀនទាំងអស់ក្នុងខណ្ឌ។
មន្រ្តីសាលាខណ្ឌដង្កោ បានថ្លែងថា «កិច្ចប្រជុំនេះ បានផ្តោតទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន យុទ្ធនាការបង្ក្រាបគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ»។
ក្រោយពីលោកអធិការនគរបាលខណ្ឌ បានធ្វើការរាយការណ៍ដល់អង្គប្រជុំអំពីការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពប្រចាំខែរួចមក លោកអភិបាល បានណែនាំ ដល់អង្គប្រជុំលើការងារសំខាន់ៗដូចខាងក្រោម៖ ជំរុញការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព, បង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន, លប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ, បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងបន្តយកចិត្តទុកដាក់លើការងារបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕