(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សួស យឿន អាយុ ៣៩ឆ្នាំ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង២៖០០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងពេលដែលរូបលោកកំពុងដោះមីននៅចំណុចភ្នំ ២០០ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នោះនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីសាខា និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលមានអាសយដ្ឋានស្ថិតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបាននាំយកនូវ គ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកា ១០លានរៀល ទៅចូលបុណ្យដល់ក្រុមគ្រួសារសព។
ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សួស យឿន បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។
ជាការពិតណាស់ មរណភាពរបស់លោកអនុសេនីយ៍ត្រី សួស យឿន គឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហានមួយរូប ដែលពោរពេញទៅដោយសមត្ថភាព ក្នុងការចូលរួមបោសសំអាតមីន ដើម្បីជាឧត្ដមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕