Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តព្រែកស្តី ប្រគល់អង្ករ២តោន ជូនអភិបាលខេត្តពោធិ៍សាត់ ដើម្បីត្រៀមចែកជូនដល់ជនចាស់ជរាគ្មានទីពឹង និងពលរដ្ឋក្រីក្រ

20-01-2017 10:39

(ពោធិ៍សាត់)៖ ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានប្រគល់អង្ករចំនួន ២តោន ដល់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ ដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ។

ពិធីប្រគល់ទទួលអង្ករខាងលើនេះ ធ្វើឡើងនៅលើសាលាឆាន់វត្តហង្សាបិតិ ហៅវត្តព្រែកស្រី ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត។

ព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី មានសង្ឃដិកាថា អង្ករចំនួន ២តោន ទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់១៥គីឡូក្រាម ដើម្បីងាយស្រួលក្នុងការយកទៅចែកជូន ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។

ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ក៏បានឆ្លើយតប និងប្រគល់ជូនភ្លាមៗ។

លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលសាលាខេត្ត ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកន្លងមកព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី តែងតែបានជួយផ្តល់នូវអង្ករ បច្ច័យ និងសម្ភារៈ ដល់ការងារសង្គម ដូចជាសាខាកាកបាទក្រហមខេត្ត មន្ទីរពេទ្យបង្អែកខេត្ត សាខាសមាគមនារីខេត្ត និងកងទ័ពការពារតាមខ្សែបន្ទាត់ព្រំដែន៕