មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បន្តចុះពិនិត្យទំនិញ នៅផ្សារក្រុងកំពង់ចាម និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ
20-01-2017 10:22
(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានពិនិត្យទំនិញ នៅផ្សារ៧មករា ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក ជួន សុជាតិ ជាប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឱកាសនោះក្រុមការងារ របស់លោកក៏បាន ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារស្ថិតនៅតាមផ្ទះ និងក្នុងផ្សារក្រុងកំពង់ចាម ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំង លើបញ្ហាសុវត្ថិភាពចំណីអាហារនេះ។
លោកបានឲ្យដឹងថា នៅក្នុងការចុះពិនិត្យទំនិញនៅផ្សារក្រុងកំពង់ចាម ក្រុមការងារបានធ្វើតេស្ត បឋមទៅលើត្រី ងៀត ត្រីប្រឡាក់ បន្លែ ជ្រក់ និងផលិតផលគ្រឿងកំប៉ុង និងអាហារវេចខ្ចប់មួយចំនួន។
ជាមួយគ្នានោះ ក្រុមការងារក៏បានធ្វើការណែនាំនិងអប់រំ ដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីការប្រើប្រាស់ សារធាតុដែលបានហាមឃាត់ ការដាក់បន្លែទៅលើចំណីអាហារ ដែលនាំឲ្យខូចគុណភាព ។
ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល ក៏បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការ ដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕