(ភ្នំពេញ)៖ ចាត់ទុកថាជារឿងមិនធ្លាប់មានក្នុងប្រព័ន្ធតុលាការនៅកម្ពុជា ដែលសំណុំរឿងរដ្ឋប្បវេណីមួយ ត្រូវបានលោក អ៊ុំ ចាន់ថុល ចៅក្រមសាលាដំបូងខេត្តកំពង់ចាម ផ្អឹបចោលរយៈពេលជិត៣ឆ្នាំ មិនព្រមប្រកាសសាលក្រមគិតចាប់ពីថ្ងៃបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់។
បញ្ហានេះចុងចម្លើយបានប្តឹងអន្តរាគមន៍ទៅ ប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីឲ្យមានការកំណត់ពេលប្រកាសសាលក្រមដោយជាក់លាក់មួយ តែចៅក្រមបែរជាប្រកាសថយទៅនីតិវិធីត្រៀមវិញ ធ្វើឲ្យចុងចម្លើយមិនសុខចិត្ត បានប្តឹងដិតចិត្ត ឬ ផ្លាស់ប្ដូរចៅក្រមរូបនេះចេញ ដោយយល់ថា មានភាពលំអៀង មិនអាចផ្ដល់យុត្តិធម៌ឱ្យខ្លួនបាន ។
ចុងចម្លើយក៏បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយពិនិត្យមើលភាពមិនប្រក្រតីនៃចំណាត់ការនេះ។
ពាក់ព័ន្ធករណីនេះ លោក ឃឹម ស៊ាងហ៊ាវ អាយុ៧៣ឆ្នាំ ដែលបានរង់ចាំយុត្តិធម៌មានទីលំនៅភូមិមេម៉ាយ ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម បានរៀបរាប់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ សាលាដំបូងខេត្តកំពង់ចាម បានទទួលពាក្យបណ្ដឹងរបស់ដើមចោទឈ្មោះ សាន់ គឹមស៊ីន ប្តឹងជំទាស់នឹងការអនុវត្តសាលដីការបស់សាលាឧទ្ធរណ៍ ដោយមានសំណុំរឿងរដ្ឋប្បវេណីលេខ ១៩៩ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ដែលសំណុំរឿងនេះស្ថិតនៅក្នុងចំណាត់ការរបស់លោកចៅក្រម អ៊ុំ ចាន់ថុល ។
ក្រោយពីបានទទួលសំណុំរឿងនេះ លោកចៅក្រម អ៊ុំ ចាន់ថុល បានចាត់ការជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ លោកចៅក្រម អ៊ុំ ចាន់ថុល បានដឹកនាំធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់រួចហើយ។ ប៉ុន្តែរហូតមកទល់ពេលនេះ រយៈពេលជាង២ឆ្នាំ៦ខែ មកហើយ ដែលលោកចៅក្រមនៅមិនទាន់បានធ្វើការវិនិច្ឆ័យសេចក្ដីលើសំណុំរឿងនេះ ដែលចំណុចនេះធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចុងចម្លើយយ៉ាងធ្ងន់ធ្ងរ ដោយហេតុថា សំណុំរឿងនេះគឺជាឧបសគ្គ និងបានរាំងស្ទះដល់នីតិវិធីនៃការអនុវត្តរបស់មន្ត្រីទទួលបន្ទុកកិច្ចការ អនុវត្តសាលាដំបូងខេត្តកំពង់ចាម ជាយូរអង្វែងហើយដែរ ។
លោក ឃឹម ស៊ាងហ៊ាវ បន្តថា ដោយសារតែលោកចៅក្រម អ៊ុំ ចាន់ថុល បានបញ្ចប់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់យូរឆ្នាំមកហើយ នៅមិនទាន់ប្រកាសសាលក្រម ដូច្នេះហើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ភាគីលោក ក៏បានដាក់ពាក្យសុំអន្តរាគមន៍ទៅលោកប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីជួយ អន្តរាគមន៍។ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបលោកចៅក្រម អ៊ុំ ចាន់ថុល បានកំណត់កាលបរិច្ឆេទនៃការប្រកាសសាលក្រម។ ប៉ុន្តែដល់ថ្ងៃកំណត់លោកចៅក្រម បានលើកពេលនិងកំណត់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាថ្ងៃប្រកាសសាលក្រមជាថ្មីម្តងទៀត។
ជាការអស់សង្ឃឹមជាបន្តបន្ទាប់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកចៅក្រម អ៊ុំ ចាន់ថុល បែរជាសម្រេចប្រកាសសាលក្រម ថយទៅនីតិវិធីត្រៀមវិញ ដែលចំណុចនេះធ្វើឲ្យលោក ឃឹម ស៊ាងហ៊ាវ សម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាលោកចៅក្រម ចេះជាពន្យារពេលរហូតយ៉ាងដូច្នេះ ឬមានភាពអាថ៌កំបាំងនៅពីក្រោយខ្នង? ។
ដើម្បីទទួលបានលទ្ធផលថា នរណាឈ្នះ ឬ នរណាចាញ់ ក្នុងរឿងក្ដី ប្តឹងសុំគ្រប់គ្រងដីនេះ លោក ឃឹម ស៊ាងហ៊ាវ បានសម្រេចចិត្តចុងក្រោយគឺប្តឹងដិតចិត ឬ ផ្លាស់ប្ដូរចៅក្រម អ៊ុំ ចាន់ថុល ចេញ ។ ប៉ុន្តែរហូតមកទល់ពេលនេះរយៈពេលជិត ០២ខែហើយ នៅមិនទាន់មានការសម្រេចថា នឹងផ្លាស់ប្ដូរចៅក្រម អ៊ុំ ចាន់ថុល នៅឡើយទេ។
គួរបញ្ជាក់ថា ដើមចមនៃសំណុំរឿងនេះ គឺយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ សាន់ គឹមស៊ីន ភេទស្រី អាយុ៥១ឆ្នាំ ដែលប្តឹងសុំប្រគល់ដីទំហំ១៤,៨ម៉ែត្រ គុណ ៥២ម៉ែត្រ និង ផ្ទះលេខ E0E1 ដែលមាននៅក្នុងសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្តកំពង់ចាម ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩០ និង បង្កាន់ដៃរបស់ការិយាល័យកសិកម្មស្រុក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨៩។ ប៉ុន្តែពាក្យបណ្ដឹងនេះត្រូវបានលោក ឃឹម ស៊ាងហ៊ាវ អះអាងថា ជាការមិនត្រឹមត្រូវនោះទេ។
ពាក់ព័ន្ធករណីនេះ ពុំអាចទំនាក់ទំនងលោកចៅក្រម អ៊ុំ ចាន់ថុល បានទេ។ ប៉ុន្តែ Fresh News រង់ចាំការបំភ្លឺជុំវិញរឿងនេះគ្រប់ពេលវេលា៕