(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រមើលឃើញថា ដើម្បីសម្រេចមហិច្ឆតាក្នុងការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ២០២៥ ទៅបាន ប្រទេសជាសមាជិកអាស៊ានត្រូវរួមគ្នាអនុវត្តន៍នូវលក្ខណៈសម្បត្តិចម្បងចំនួន ៤យ៉ាង។
លក្ខណៈសម្បត្តិចម្បងទាំង៤ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យសមាជិកអាស៊ានអនុវត្តន៍នោះរួម៖ ទី១៖ ជាទីផ្សារ និង មូលដ្ឋានផលិតកម្មរួមតែមួយ, ទី២៖ ជាតំបន់ប្រកបដោយភាពប្រកួតប្រជែងសេដ្ឋកិច្ចខ្ពស់, ទី៣៖ ជាតំបន់ដែលមានការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងទី៤៖ ជាតំបន់ដែលត្រូវបានធ្វើ សមាហរណកម្ម ពេញលេញចូលទៅក្នុងសេដ្ឋកិច្ចសកល ហើយដែលប្រជាជាតិ ទាំងអស់មានអត្តសញ្ញាណជាអាស៊ានតែមួយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ដើម្បីសម្រេចបានចក្ខុវិស័យនេះបានអាស៊ានត្រូវយកចិត្តទុកដាក់លើចំនុចសំខាន់ៗមួយចំនួនទៀតរួមមាន៖
១). ការបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវសន្តិសុខ, សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលរញ
២). ការបន្តកំណើនសេដ្ឋកិច្ចដ៍រឹងមាំ, មានតុល្យភាព, ចីរភាព និងបរិយាប័ន្ន
៣). ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»
៤). ការខិតខំជំរុញឲ្យសម្រេចបានឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់»
៥). ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់ អាស៊ានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិតសាកល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះនៅក្នុងពិធីពិសារអាហារសាមគ្គីអបអរសាទរខួប៥០ នៃការបង្កើតសមាគមអាស៊ាន ដែលបានធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។ ពិធីអបអរថ្ងៃកំណើតរបស់អាស៊ាន ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្ដេច?»។
ក្នុងពិធីនេះមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ នៃបណ្ដាប្រទេសជាច្រើន។ ក្នុងនោះមានការថ្លែងសុន្ទរកថា បើកដោយលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុហ៊្វុក ហើយក៏កម្មវិធីសួរចម្លើយពីសំណាក់តំណាងសាកលវិទ្យាល័យសិង្ហបុរី និងក្រុមហ៊ុនឯកជនចំនួន០៣ផ្សេងទៀត។
ពិធីអបអរសាទរថ្ងៃកំណើតអាស៊ាននេះ ក៏មានការចែករំលែកអំពីចំណុចសំខាន់ៗនៃសុន្ទរកថារបស់ប្រមុខរដ្ឋនីមួយៗ។ បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញឡើងថ្លែងសុន្ទរកថាបិទកម្មវិធី៕