(ភ្នំពេញ)៖ ប្រធានាធិបតីប្រទេសស្វីសលោកស្រី Doris Leuthard បានទទួលស្គាល់ និងមើលឃើញថា ប្រទេសកម្ពុជា ដែលកំពុងដឹកនាំសម្តេចតេជោ ហ៊ុន សែន មានការវិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកស្រីប្រធានាធិបតី បានសន្យាថា នឹងបន្តប្រឹងប្រែងជួយ ឲ្យប្រទេសងើមចេញពីសង្រ្គាមដ៏កម្សត់មួយនេះឲ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកសរសើររបស់លោកស្រី Doris Leuthard ចំពោះភាពរីកចម្រើនរបស់កម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជា មួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចប្រមុខដឹកនាំលើពិភពលោកកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
ជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Doris Leuthard បានធ្វើឡើងក្រោមបរិយកាសដ៏រីករាយ និងស្និទ្ធស្នាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណររដ្ឋាភិបាលស្វីស ដែលបានផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការខ្មែរក្រហមផងដែរ។
ដើម្បីជំរុញភាពរីកចម្រើន និងបង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀតនោះ សម្តេចតេជោ បានស្នើឲ្យប្រធានាធិបតីស្វីសជំរុញអ្នកវិនិយោគស្វីសទៅកាន់កម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដែលត្រឹមជាង ៣០លានដុល្លារនាពេលបច្ចុប្បន្នឲ្យមានទំហំធំឡើង។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Doris Leuthard បានចាត់ចែងឲ្យក្រុមការងារនៃប្រទេសទាំងពីរបន្តពិភាក្សាគ្នា ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេស (FTA) នៃប្រទេសទាំងពីរ និងខិតខំជំរុញឲ្យវិស័យឯកជនចូលរួមឲ្យបានច្រើនឡើង ដូចជាការនាំផលិតផលស្វីស ដែលមានគុណភាពចូលកម្ពុជា និងនាំផលិតផលកម្ពុជាដូចជាអង្ករចេញមកប្រទេសស្វីស។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជា មិនមែនសម្រាប់តែទីផ្សាររបស់កម្ពុជា ដែលមានប្រជាពលរដ្ឋ ១៥លាននាក់នោះទេ តែអាចចែកចាយសម្រាប់ទីផ្សារអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណ ៦០០លាននាក់។ បន្ថែមពីលើនោះ សព្វថ្ងៃ កម្ពុជាមានទីផ្សារដូចជានៅអឺរ៉ុប អាមេរិក ចិន កូរ៉េខាងត្បូង។ល។ ដែលសរុបជាទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារអាមេរិក។
ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា លោកស្រីប្រធានាធិបតីប្រទេសស្វីស បានសន្យាថា នឹងបន្តជួយពង្រឹងសន្តិសុខស្បៀងដល់កសិករកម្ពុជា ដោយជំរុញឲ្យកសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ។ ទន្ទឹមនឹងនោះ គឺគឺរដ្ឋាភិបាលស្វីសនឹងបន្តជួយពង្រឹងសមត្ថភាពតួនាទីរបស់សភាកម្ពុជាផងដែរ។
នៅចំពោះមុខប្រធានាធិបតីស្វី សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់លោកវេជ្ជបណ្ឌិត Richner ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្រោមការគាំទ្រពីលោកស្រីប្រធានាធិបតី។
សម្តេចតេជោ បានហៅសកម្មភាពមនុស្សធម៌របស់រដ្ឋាភិបាលស្វីស លោកវេជ្ជបណ្ឌិត Richner ក៏ដូចជាប្រជាពលរដ្ឋស្វីសដទៃទៀតថា គឺជាទឹកចិត្តផុសចេញបេះដូង ចំពោះប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ប្រធានាធិបតីស្វីស ពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយមន្ទីរពេទ្យគន្ធបុប្ផា ហើយបច្ចុប្បន្នបានសម្រេចកាត់ថវិកាពីរដុល្លារ ពីសំបុត្រចូលទស្សនាអង្គរវត្ត ដើម្បីជួយទ្រទ្រង់បន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រីប្រធានាធិបតីស្វីស បានអរគុណសម្តេចតេជោ ដែលបានទទួលស្គាល់ គាំទ្រ និងជួយជាថវិកាដល់លោកវេជ្ជបណ្ឌិត Richner ដែលកំពុងជួយមន្ទីរពេទ្យគន្ឋបុប្ផាសព្វថ្ងៃ។ ចំពោះមន្ទីរពេទ្យគន្ឋបុប្ផា រដ្ឋាភិបាលស្វីស បានជួយប្រមាណ ៤លានដុល្លារជារៀងរាល់ឆ្នាំ និង ២លានដុល្លាជួយមន្ទីរពេទ្យគាំពារស្រ្តីមាតាបិតា។ លោកស្រីប្រធានាធិបតី សន្យាជំរុញទេសចរណ៍ស្វីសទៅទស្សនាកម្ពុជាឲ្យបានច្រើនឡើងថែមទៀត។
សម្តេចតេជោ ក៏បានអបអរសាទរប្រទេសស្វីសជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ព្រមទាំងសំណូមពរឲ្យស្វីសបន្តជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ក្នុងនាមព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោក ស្រីប្រធានាធិបតីស្វីស មកទស្សនកិច្ចកម្ពុជា នៅពេលវេលាដ៏សមគួរណាមួយ និងស្នើឲ្យលោកស្រីជួយជំរុញអ្នកវិនិយោគទុនស្វីសមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជា នាខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។
កិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រី ប្រធានាធិបតីស្វីស គឺបានពង្រឹងនូវចំណងមិត្តភាពដែលមានរយៈពេលប្រមាណ ៤០ឆ្នាំ និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ហើយនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕