(ភ្នំពេញ)៖ ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិត​គោលនយោបាយ ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា​ ជាមួយស្ថាប័នហិរញ្ញវត្ថុ​ពហុភាគី​សំខាន់ៗ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួម​ពីប្រធាន​តំណាងស្ថាប័ន ហិរញ្ញវត្ថុពហុភាគីសំខាន់ៗ ប្រចាំកម្ពុជា ដែលមានតួនាទីធ្វើការតាមដាន វិភាគ​វាយតម្លៃ និងព្យាករណ៍ស្ថានភាព សេដ្ឋកិច្ចរបស់ពិភពលោក​ ដូចជា​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្រៅពីនេះ ក៏បានការចូលរួមផងដែរ ពីតំណាងធនាគារជាតិ នៃកម្ពុជា នាយកប្រតិ​បត្តិធនាគារ ANZ Royal តំណាងសមាគមរោងចក្រកាត់ដេរ និងប្រធានមជ្ឈមណ្ឌល សិក្សាគោលនយោបាយ ព្រមទាំងមន្រ្តីជាន់​ខ្ពស់ និងក្រុមសេដ្ឋកិច្ចវិទូ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា​ ដែលត្រូវបានរៀបចំជាលើកទី១នេះ មានគោល​បំណង ធ្វើការពិគ្រោះយោបល់ ហើយរួមគ្នាធ្វើការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ និងពិភពលោក ដូចជាលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ២០១៧នេះ និងបណ្តាឆ្នាំទៅខាងមុខទៀត ព្រមទាំងដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរ មតិលើជម្រើសគោលនយោបាយ ដែលត្រូវដាក់ចេញ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ​ ក៏មានគោលបំណងប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀប​ចំច្បាប់​ថវិកា​ជាតិឆ្នាំ២០១៨។

​លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា នៅចំពោះមុខ នៃស្ថានភាពវិវត្តន៍ដ៏ស្មុគស្មាញរបស់ពិភពលោក ទាំងជាសេដ្ឋកិច្ច ទាំងជានយោបាយ​ ពិសេសការលេច​ឡើង​នូវចរន្ត​នៃការគាំទ្រ ក៏ដូចជាចរន្ត នៃការប្រឆាំងចំពោះសកលភាវូបនីយកម្ម (Globalization) ក្នុងពេលថ្មីៗនេះ រួមទំាងភាពចំរូងចំរាស់ នៅក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេស​ចិន និងរដ្ឋការ របស់ប្រធានាធិបតីអាមេរិកថ្មី, ទាមទារឲ្យកម្ពុជាត្រូវតាមដាន នូវស្ថានភាពវិវត្តន៍ខាងលើ ឲ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ ហើយត្រៀមខ្លួនឲ្យបានល្អ ដើម្បីដាក់​ចេញនូវវិធានការគោលនយោបាយ ដែលមានលក្ខណៈឆ្លើយតប ទាំងនៅក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច ទាំងនៅក្នុងផែ្នកហិរញ្ញវត្ថុសាធារណៈ ជាពិសេសត្រូវរៀបចំនូវ​សេនារីយ៉ូដែលល្អបំផុត ដើម្បីជំរុញកំណើន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធ (Structural change)។

ជារួម​កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ​២០១៦ នឹងសម្រេច​បាន​ក្នុងរង្វង់ ៧ភាគរយ ដោយសារកំណើន នៃវិស័យកសិកម្ម ទោះបីកំណើន នៃវិស័យឧស្សាហកម្ម និងសេវាកម្ម​មានភាព​ថមថយ​បន្តិច​ក្តី។ កំណើន នៃវិស័យកសិកម្ម ដោយសារកត្តាអាកាសធាតុមានលក្ខណៈ អំណោយផលល្អ ហើយតម្លៃ​កសិផលមានការកើនឡើង ដោយឡែក វិស័យឧស្សាហកម្ម ដែលមានវិស័យ​កាត់ដេរ​ជា​ជន្ទល់ មានការថមថយបន្តិចបន្តួច ​​ដោយសារភាពថមថយ នៃតម្រូវការពិភពលោក ការ​កើន​​ឡើង​នៃ​តម្លៃ​ប្រាក់ដុល្លារ និង​ការ​ធ្លាក់ចុះ​នូវ​សមត្ថភាព​ប្រកួត​ប្រជែង​​របស់កម្ពុជា។ ទោះបីវិស័យសំណង់ មាន​ការធ្លាក់ចុះ​នូវកំណើនបន្តិច​ តែនេះជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ច។ វិស័យសេវាកម្ម ក៏មានការថមថយ ដោយកំណើនយឺតនៃចំនួនភ្ញៀវ​ទេសចរ ដែល​​ចូល​មក​ទស្សនា​កម្ពុជា។

​ដើម្បីសម្រេចបាននូវកំណើនេះ ក៏ដូចជាដើម្បីជំនះ បាននូវបញ្ហាប្រឈម និងហានិភ័យនានាមកលើសេដ្ឋកិច្ច, កម្ពុជាត្រូវដាក់ចេញនូវវិធានការគោល​​នយោបាយចាំ​បាច់មួយចំនួន នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដែលរួមមាន៖

ក៖ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈ​ ១៖ខិតខំទ្វេដងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ដើម្បីបំពេញបន្ថែមការវិនិយោគក្នុងស្រុក ដែលនឹងអាច​ថម​ថយ នៅក្នុងឆ្នាំបោះឆ្នោត ២៖ជំរុញការអនុវត្តគោលនយោបាយឧស្សាហក​ម្ម ដែលជាយុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ ដែលការអនុវត្ត​កន្លងមកហាក់ដូចជា នៅមិន​ទាន់ទទួល​បានលទ្ធផលផ្លែផ្កា ឲ្យមានសន្ទុះខ្លាំងក្លាឡើង សំដៅជំរុញល្បឿន នៃការធ្វើពិពិធកម្មមូលដ្ឋាន ឧស្សាហកម្មឲ្យកាន់តែខ្លាំងក្លា មានភាពប្រកួតប្រជែង និងមាន​តម្លៃបន្ថែមកាន់តែខ្ពស់ រួមទាំងការបង្កើន​សង្វាក់​ផលិតកម្ម នៅ​ក្នុងឧស្សាហកម្មកាត់ដេរ ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ ការតំឡើងគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិច និង​ឧស្សា​ហកម្ម​ថ្មីៗទៀត ដែលគាំទ្រ និងជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង៣៖បង្កើនចំណាយលើវិស័យ​អាទិភាពសំខាន់ៗ ដូចជា អប់រំ និងការអភិវឌ្ឍជំនាញ ព្រមទាំងកា​រ​បង្កើនការ​វិនិយោគ​ប្រព័ន្ធធារាសាស្រ្ត និងវិស័យហេដ្ឋរចនាសម្ព័ន្ធ រូបវន្តសំខាន់ៗផ្សេងៗទៀត ដោយផ្អែកលើផែនការមេមួយច្បាស់លាស់​ ជាពិសេសចំពោះ​វិស័យគមនាគមន៍ និងដឹកជញ្ជូន និងវិស័យថាមពល។

ខ៖ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈ
១- ការដាក់ចេញនូវវិធានការ​សមស្រប ដើម្បីកាត់បន្ថយកំណើនដ៏ខ្ពស់ ក្នុងវិស័យឥណទាន ដោយសន្សឹមៗ និងដោយប្រយ័ត្នប្រយែង ស្របទៅតាមស្ថានភាពសេដ្ឋកិច្ច
២- បង្កើនគុណភាព នៃការផ្តល់ឥណទាន ដោយផ្តោតទៅលើវិស័យផលិតកម្ម និងពាណិជ្ជកម្ម
៣- បន្តខិតខំស្វែងរកប្រភពទុនថ្មីៗបន្ថែមទៀត​ ជាពិសេសការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ (bond market) និងទីផ្សាររូបិយប័ណ្ណ (money market)​
៤- បន្តផ្តោតការយកចិត្តទុកដាក់ លើវិស័យអចលនទ្រព្យ តែខិតខំជំរុញការអភិវឌ្ឍន៍ លំនៅដ្ឋានដែលមានតម្លៃសមរម្យ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល និង
៥- បង្កើនយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ពាក់ព័ន្ធនិងកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ព្រមទាំងបន្តពិនិត្យលទ្ធភាព​បន្ថយអត្រាការប្រាក់​ខ្ពស់ក្នុងវិស័យនេះ។

គ​៖ ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធ តាមរយៈ​ ការគិតគូរពិនិត្យឡើងវិញនូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មី ចំពោះវិស័យសំខាន់ៗមួយចំនួននៅ​ក្នុងសេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើន លើកកម្ពស់ផលិតភាព និងប្រសិទ្ធភាព ព្រមទាំងភាពប្រកួតប្រជែង។
 
​ចំពោះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាវិញ ក៏មានលក្ខណៈរឹងមាំ និងល្អប្រសើរផងដែរ ដោយសារការខិតខំប្រឹងប្រែងយ៉ាងមុះមុត របស់រាជរដ្ឋាភិបាល ក្នុងការកៀគរចំណូលគ្រប់ប្រភេទ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងដោយការពង្រឹង និងការកែលម្អការគ្រប់គ្រងចំណាយថវិកាជាបន្តបន្ទាប់។​

រាជរដ្ឋាភិបាល នឹងបន្តជំរុញការកៀគរចំណូលឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសរក្សាឲ្យបាននូវចីរភាពចំណូល ជាមួយនឹងកំណើនខ្ពស់ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំ​កន្លងមក ទន្ទឹមនឹងការរៀបចំប្រព័ន្ធពន្ធដារថ្មីនៅឆ្នាំ២០១៩ ដើម្បីឆ្លើយបតទៅនឹងបរិការណ៍ថ្មី នៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាដើម្បីទ្រទ្រង់បរិការណ៍ នៃការអភិវឌ្ឍថ្មី​ពីប្រទេសចំណូល​ទាប ទៅប្រទេសចំណូលធម្យម ព្រមទាំងដើម្បីទ្រទ្រង់ដល់ការប្រកួតប្រជែង និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ខាងផ្នែកចំណាយវិញ​ ក្រៅពីបានខិតខំបង្កើនចំណាយ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវ របស់ប្រទេសជាតិក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន ក៏ដូចជាដើម្បីទ្រទ្រង់ ដល់ប្រតិបត្តិការរបស់រដ្ឋ ព្រមទាំងដល់វិស័យអាទិភាពសំខាន់ៗ ដូចជា អប់រំ សុខាភិបាល និងកសិកម្មជាដើម។ លោកថា យើងក៏បានបង្កើនគុណភាព នៃចំណាយផងដែរ ទាំងតាមរយៈការលើកប្រសិទ្ធភាព នៃការវិភាជថវិកា នៅក្នុងពេលរៀបចំថវិកា ពិសេសពេលចរចាថវិកា និងទាំងតាមរយៈនៃការ​លើកកម្ពស់​ប្រសិទ្ធភាព នៃប្រតិបត្តិការ​ចំណាយ នៅក្នុងពេលអនុវត្តថវិកា។

ការប្រកាន់ខ្ជាប់នូវវិន័យថវិកាខាងលើនេះ បានជួយធ្វើឲ្យកម្ពុជា សម្រេចបាននូវ​​អតិរេកសាច់ប្រាក់ សម្រាប់ត្រៀមទប់ទល់​វិបត្តិកលិយុគ និង​ហានិភ័យ​ផ្សេងៗ ​​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ។ ក៏ប៉ុន្តែទោះបីយ៉ាងណា​ សម្ពាធនៃកំណើនប្រាក់បៀវត្ស​បានទប់ចំណាយមូលធន ដែលជាឧបករណ៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ផលិត​ភាព និងភាពប្រកួតប្រជែង នៃសេដ្ឋកិច្ច មិនឲ្យកើនឡើងខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងខិតខំស្វែងរកប្រភពទុនថ្មីៗ បន្ថែមទៀត សម្រាប់បង្កើន​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពិសេសការវិនិយោគលើការតភ្ជាប់ និងវិស័យអាទិភាពផ្សេងៗទៀត ដូច ថាមពល និងធារាសាស្រ្តជាដើម, ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាព នៃចំណាយវិនិយោគសាធារណៈ៕