(​មូស្គូ)៖ សារព័ត៌មានរុស្ស៊ីដ៏ល្បី Russian Today​ (RT) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ​ថា ក្រុមហ៊ុន បណ្តាញសង្គមយក្ស Facebook បានប្រើធម៌ក្តៅបិទ​ជាបណ្ដោះ​អាសន្ន (​Block) មិនឱ្យខ្លួនបង្ហោះរូបភាព វីដេអូ ការចែករំលែកព័ត៌មានបន្ត(Share) និងការផ្សាយបន្តផ្ទាល់នៅលើទំព័រ (Page Facebook) រហូតដល់​ថ្ងៃសៅរ៍ទី២១ ខែមករា វេលា​ម៉ោង១០៖៥៥នាទីយប់ (ម៉ោងនៅក្នុងទីក្រុងម៉ូស្គូ) ហើយវាអាចនឹងត្រូវអូសបន្លាយ រហូតដល់ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ចប់ជាស្ថាពរ។

យោងតាម​សារព័ត៌មាន Russian Today ការសម្រេចចិត្ត​បិទជាបណ្ដោះ​​អាសន្ន​​​អាចត្រូវ​បានធ្វើឡើង​នៅអំឡុង​ពេល​ដែល ​RT ផ្សាយបន្ត​ផ្ទាល់​​ពិធី​ថ្លែង​សុន្ទរកថា​​ជាលើកចុង​ក្រោយ​ របស់ប្រធានាធិបតី​អាមេរិក​​ផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធ​ម្សិលមិញ។ ដោយឡែក​ឆ្លើយ​តប​​ទៅនឹងការ​សម្រេច​ចិត្ត​​នេះដែរ ប្រធានផ្នែកប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងទំនាក់​ទំនង​សង្គម​របស់ RT​ លោក Ivor Crotty បាននិយាយថា «​ការសម្រេចចិត្ត Block​ ការផ្សាយបន្តផ្ទាល់បែបនេះ បានបង្ហាញពីផ្នែកមួយនៃភាពបរាជ័យ ស្ដីពីការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ព័ត៌មានតាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែយើងសង្ឃឹមថា​បញ្ហានេះ​អាចនឹងត្រូវបានដោះស្រាយក្នុងរយៈពេលដ៏ខ្លី។ ជាង នេះទៅទៀតក្នុងនាម Facebook ជាអ្នកចាយចាយ​សិទ្ធិផ្សាយបន្ត​ផ្ទាល់​ដ៏ធំ​ដែរនោះ ការ Block បែបនេះ​ គឺជាការរំលោភ​យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិ​ទទួលការ​ផ្សាយបន្តផ្ទាល់ ដូច្នេះយើងនឹងបន្តបង្ហោះអត្ថបទ(Status)តែមួយគត់ នៅលើ Facebook រហូតដល់​បញ្ហានេះត្រូវបាន​ដោះស្រាយ»

គួរបញ្ជាក់ជូនថា លោក ដូណាល់ ត្រាំ នឹងស្បថឡើង​កាន់តំណែង​ជាប្រធានាធិបតី​អាមេរិក​ទី៤៥ ជាផ្លូវការ​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន)៕