(ភ្នំពេញ)៖ លោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវីផុតអាណត្តិ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅឆ្នាំ២០១៦នេះ គណៈមេធាវី បានលុបឈ្មោះមេធាវីម្នាក់ ចេញពីបញ្ជីគណៈមេធាវី ហើយបានព្រមានដល់មេធាវី២នាក់ថែមទៀត ដោយសារតែរូបគាត់បានប្រព្រឹត្តខុសនឹងច្បាប់ និងក្រមសីលធម៌មេធាវី។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៦នេះ គឺយើងបានលុបឈ្មោះម្នាក់ ដោយសារតែគាត់បានបំពានលើ ច្បាប់ស្តីពីលក្ខខន្តិកៈមេធាវី និងក្រមសីលធម៌ ហើយសម្រាប់អ្នកផ្សេងទៀត មានត្រឹមតែព្រមានទេ។ ព្រមានគឺមាន២នាក់»។
លោក ប៊ុន ហ៊ុន បានថ្លែងបែបនេះ នៅក្នុងកម្មវិធីផ្ទេរតំណែង ប្រធានគណៈមេធាវី នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។ កម្មវិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាតំណាងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង និង លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ក្រៅពីការលុបឈ្មោះ និងព្រមានដល់មេធាវីនេះ នៅក្នុងចង្កោមគណៈមេធាវី ក៏មានសមាជិកគណៈមេធាវីម្នាក់បានព្យួមុខងារផងដែរ។ លោក ប៊ុន ហ៊ុន បញ្ជាក់ថា ការព្យួរមុខងារនេះ ដោយសារតែមានការពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌនៅតុលាការ៕