(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧ សប្តាហ៍ក្រោយ ដើម្បីពិនិត្យលើការស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង មាត្រា៤៨ថ្មី (បី) ដែលស្នើដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៥៥រូប។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា លិខិតស្នើសុំពីតំណាងរាស្រ្តចំនួន៥៥រូបនោះ បានដាក់មកដល់រដ្ឋសភានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។
ការកោះប្រជុំនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាឡើងវិញ ដើម្បីរំលាយប្រការដែលចែងអំពីប្រធានក្រុមមតិភាគតិច និងភាគច្រើននៅរដ្ឋសភា។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រាប់ Fresh News ឱ្យដឹងថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចា ដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ចំពោះការធ្វើវិសោធនកម្មរឿងនេះ ក្រោយពេលបញ្ចូលទៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ សំណើនេះនឹងបញ្ជូនទៅដល់គណៈកម្មការជំនាញដើម្បីត្រួតពិនិត្យជាមុន ហើយទើបបញ្ជូនទៅសភាពេញអង្គបោះឆ្នោតសម្រេច។
សូមបញ្ជាក់ថា ដោយសារតែមានសំណើសុំធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងនៅរដ្ឋសភា ត្រង់មាត្រា៤៨ថ្មី(បី) ដែលចែងអំពីប្រធានក្រុមមតិភាគតិច និងភាគច្រើននៅរដ្ឋសភានេះហើយ ទើបបានប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរ បានសម្រេចលើកពេលជួបគ្នា តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង។
លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចក្រឡាហោម ស ខេង សម្រេចលើកពេលជួបចរចាជាមួយ លោក កឹម សុខា ដោយមិនកំណត់នោះ គឺសម្តេចក្រឡាហោមទុកពេលឱ្យរដ្ឋសភា ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មាត្រា៤៨ថ្មី(បី) ជាមុនសិន៕