(ភ្នំពេញ)៖ ក្រុមប្រឹក្សាពិភពលោកខាងការធ្វើដំណើរ និងទេសចរណ៍ (World Travel and Tourism Council) ចេញរបាយការណ៍នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះថា ឆ្នាំ​២០១៥ កម្ពុជាទទួលបានការងារដោយផ្ទាល់ពីវិស័យឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ បានជាង១លាននាក់ ស្មើ១២,១% នៃចំនួនការងារសរុប​ទូទាំងប្រទេសកម្ពុជា ខណៈឆ្នាំ២០១៦ ត្រូវបានគេរំពឹងថា នឹងកើនឡើង២ភាគរយ និងកើនឡើង៤.២% នៅឆ្នាំ២០២៦។

របាយការណ៍ដែលត្រូវបានចែកជូនដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន នៅក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលទទួលបានផលដោយផ្ទាល់ និងប្រយោលពីវិស័យឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ មានចំនួនកើនរហូត ដល់ជាង ២,៣០៣,៥០០នាក់។ ស្មើនឹង២៦,៩% នៃការងារសរុបទូទាំងប្រទេស។ ចំណែកឆ្នាំ២០១៦ ត្រូវបានគេរំពឹងថា នឹងកើនឡើង ០,៧% និងកើនឡើង ២,៩% នៅឆ្នាំ២០២៦  នឹងអាចកើនរហូត​ដល់ជាង៣លាននាក់។​

កាលពីថ្ងៃម្សិលមិញ វេទិការទេចរណ៍អាស៊ាន ឆ្នាំ២០១៧ បានបើកជាផ្លូវការហើយ ក្រោមអធិបតីលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី និងមន្រ្តីថ្នាក់រដ្ឋ​មន្រ្តីទេសចរណ៍​អាស៊ានផងដែរ៕