Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈមេធាវីថ្មី ប្រកាសប្តេជ្ញាខិត​ខំបម្រើ និងការពារ​ដល់ វិជ្ជាជីវៈមេធាវី

19-01-2017 18:12

(ភ្នំពេញ)៖ លោក សួន វិសាល ដែលចូលកាន់តំណែងជាផ្លូវការ ជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១១ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានប្តេជ្ញាបម្រើ និងការពារដល់វិជ្ជាជីវៈមេធាវី ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័ននេះកាន់តែប្រសើរឡើង ប្រកបដោយការទទួលខុសត្រូវ។

ការប្រកាសប្តេជ្ញាចិត្តរបស់​ លោក សួន វិសាល បានធ្វើឡើង នៅក្នុងកម្មវិធី​ផ្ទេរ​តំណែង​ ប្រធានគណៈមេធាវី នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា ឆ្នាំ២០១៧​នេះ​ ​នៅ​សណ្ឋាគារ​សូហ្វីតែល​ ភូគី​ត្រា។ កម្មវិធីធីនេះត្រូវបានធ្វើឡើង ក្រោម​អធិបតីភាព​ លោក​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៊ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ជា​តំណាង​​លោក​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ដោយមានការចូលរួមពី លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង និង លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ។

លោកមេធាវី សួន វិសាល ត្រូវបានសមាជិកមេធាវីភាគច្រើនបោះឆ្នោតជ្រើសតាំងជា ប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១១ បន្ទាប់ពីលោក ប៊ុន ហុន ប្រធានគណៈមេធាវីចាស់ផុតអាណត្តិ។ ការបោះឆ្នោតជ្រើសរើស ប្រធានគណៈមេធាវីនេះ បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី២១ របស់គណៈមេធាវី នៅថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០១៦។

លោក សួន វិសាល ជាមេធាវីល្បីល្បាញមួយរូប ដែលបានសិក្សាផ្នែកច្បាប់ និងទទួលសញ្ញាបត្រច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីសាកលវិទ្យាល័យហុងកុងនៅឆ្នាំ ២០០២។ លោកជាមេធាវីដែលបាន ទទួលស្គាល់ ដោយគណៈមេធាវីតាំងពីឆ្នាំ ១៩៩៧។ លោកមានបទពិសោធន៍ជាង១៤ ឆ្នាំក្នុងនាមជាមេធាវីការពារក្តី លើផ្នែកច្បាប់​ព្រហ្មទណ្ឌ​ក៏ដូចជាច្បាប់ទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស ការរៀបអាពាហ៍ពិពាហ៍ និងគ្រួសារ ការជួញដូរ និងដីធ្លី។ លោកវិសាលជា ក្រុមហ៊ុនប្រឹក្សាច្បាប់ខ្មែរអប្សរា ហើយលោកជាអតីតអគ្គលេខាធិការនៃគណៈមេធាវីកម្ពុជារយៈពេល ៤ឆ្នាំ ផងដែរ។

លោក សួន វិសាល មានអាយុ៥១ឆ្នាំ ធ្លាប់បម្រើការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) និងក្រោយមកបម្រើការងារ នៅក្នុងក្រុមមេធាវីខ្មែរអប្សរា (Khmer Apsara Law Firm-KALF) ព្រមទាំងត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការទៀតផង៕