(ភ្នំពេញ)៖ កម្ពុជា-ព័រទុយហ្គាល់ បានឯកភាពបង្កើតឲ្យមានវេទិការធុរកិច្ច ដើម្បីឲ្យធុរកិច្ចជន និងវិនិយោគិន នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ក្នុងការស្វែងរកកាលានុវត្តន៍ភាព និងបង្កើនឡើងទំនាក់ទំនងផ្នែកធុរកិច្ច។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
ប្រាប់ក្រុមអ្នកព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបរវាងទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក Francisco Vaz Patto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពព័រទុយហ្គាល់ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ លោក ជុំ សុន្ទរី បានបញ្ជាក់ថា «ឯកឧត្តមទេសរដ្ឋមន្ដ្រី និង ឯកអគ្គរដ្ឋទូត បានឯកភាពគ្នាក្នុងការរៀបចំបង្កើតឲ្យមាន វេទិការធុរកិច្ច រវាងប្រទេសទាំង២ដើម្បី ឲ្យធុរកិច្ចជន និងវិនិយោគិន អាចមានពេលជួបពិភាក្សាគ្នា ក្នុងការស្វែកកាលានុវត្តន៍ភាព បង្កើតឡើងនូវទំនាក់ទំនងផ្នែកធុរកិច្ច រវាងប្រទេសទាំង២»។
បើតាមលោក ជុំ សុន្ទរី ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ដ្រី ក៏បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ថា កម្ពុជាត្រៀមខ្លូនរួចជាស្រេច ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោកសម្រាប់អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០១៧ខាងមុខ។ លោកទេសរដ្ឋមន្ដ្រី បន្ដថា នេះជាឱកាសដ៏ល្អមួយសម្រាប់ធុរកិច្ចជន និងវិនិយោគិនព័រទុយហ្គាល់ ចូលមកពិនិត្យពីលទ្ធភាព នៃការវិនិយោគ ការមករកស៊ីនៅកម្ពុជា។
ជាការឆ្លើយតប លោក Francisco Vaz Patto បានសន្យាថា នឹងនាំយកការអញ្ជើញរបស់លោករដ្ឋមន្ដ្រីក្រសួងការបរទេស ទៅជូនធុរកិច្ចជនព័រទុយហ្គាល់អំពីការចូលរួមក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពាក់ព័ន្ធនឹងផ្នែកកិច្ចសហប្រតិបត្តិការឯណោះវិញ លោកទេសរដ្ឋមន្ដ្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា អំពីការជំរុញឲ្យមានចុះហត្ថលេខាលើ អនុស្សារណៈស្ដីពីការបង្កើតឡើយ នូវក្បាលម៉ាស៊ីននៃការជួបពិគ្រោះជាប្រចាំរវាងក្រសួងការបរទេសទាំងពីរ។ ភាគីព័រទុយហ្គាល់ បានស្វាគមន៍នូវឲ្យមានការបង្កើតឡើងនូវក្បាលម៉ាស៊ីននៃក្រសួងការបរទេសទាំងពីរ ដែលមិនត្រឹមតែពិភាក្សាលើផ្នែកនយោបាយប៉ុណ្ណោះទេ ពោលគឺលើគ្រប់ផ្នែកទាំងអស់៕