(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ លោក ហេង រតនា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរលើ Facebook Page ផ្លូវការរបស់លោក ដោយបានរៀបរាប់ពីការពលីជីវិតអ្នកដោះមីនស៉ីម៉ាក់ចំនួន ៧នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៧ ដែលគិតមកដល់ពេលនេះគឺ ១០ឆ្នាំគត់ហើយ ឧបទ្ទវហេតុនោះបានកើតឡើងនៅ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ លោក ហេង រតនា បានសរសេរទៀតថា ប៉ុន្តែបច្ចុប្បន្ន ឃុំតាសែន ត្រូវបានប្រែក្លាយពីកន្លែងចំការមីន ទៅជាតំបន់មានការរីកចំរើនយ៉ាងខ្លាំងក្លា។
លោកអគ្គនាយកស៉ីម៉ាក់ បានសរសេរថា ថ្ងៃទី១៩ ខែមករា ឆ្នាំ០១៧នេះ ជាខួប១០ឆ្នាំគត់ (២០០៧-២០១៧) នៃការគ្រោះថ្នាក់ដោយសារគ្រាប់មីនតោនដាក់បង្កៃ ដែលបានធ្វើឲ្យអ្នកដោះមីនស៉ីម៉ាក់ចំនួន ៧នាក់ បានពលីជីវិត ដោយក្នុងនោះមានមេកងអនុសេនាតូចមួយរូប មេពួកចំនួន ៣រូប និងអ្នកដោះមីនចំនួន ៣រូប ក្នុងចំណោមអ្នកពលីទាំង ៧រូប មានស្ត្រីចំនួន ៣រូប។ ឧបទ្ទវហេតុនេះបានកើតឡើងនៅឃុំតាសែន ស្រុកកំរៀងខេត្តបាត់ដំបង។ តាមរបាយការណ៍ស៉ើបអង្កេតបានវាយតំលៃថា គ្រាប់មីនតោនបង្កៃនេះអាចមានចំនួនជាង ១០គ្រាប់ដាក់ត្រួតគ្នា។ នេះជាបទពិសោធន៍ដ៏ជូរចត់បំផុតរបស់អង្គភាពស៉ីម៉ាក់ ដែលបានបាត់បង់មន្ត្រីដោះមីនច្រើនបំផុត ក្នុងគ្រោះថ្នាក់កំពុងប្រតិបតិ្តការដោះមីនតែមួយកន្លែង។
លោកបានលើកឡើងទៀតថា សូមរំលឹកថា កាលជាង១០ឆ្នាំមុន ស៉ីម៉ាក់បានកសាងគំរោងដោះមីនសហគមន៍នេះលើកទី១ នៅឃុំតាសែននេះ ព្រោះជាឃុំមានបញ្ហាគ្រប់មីន និងអ្នករងគ្រោះដោយសារគ្រាប់មីន ច្រើនជាងគេទូទាំងប្រទេស ព្រមទាំងជាឃុំមានកប់គ្រាប់មីន និងចំការមីនច្រើនជាងគេ អត្រាប្រជាពលរដ្ឋក្រីក្របំផុតក៏ច្រើន ភាគច្រើនសំណាកស្រុក ធ្វើការងារនៅប្រទេសថៃ។ ពេលនោះស៉ីម៉ាក់បានបង្កើតក្រុមដោះមីនសហគមន៍នេះជាពិសេស ដោយមានអ្នកដោះមីនជិត ១០០នាក់ ជ្រើសរើស និងហ្វឹកហ្វឺនក្នុងឃុំតាសែននេះតែម្តង។
ស៉ីម៉ាក់បានខិតខំដោះមីនបណ្តើរ កៀរគរជំនួយអភិវឌ្ឍន៍បណ្តើរ ដូចជាការកសាងសាលារៀន ជីកស្រះទឹក អណ្តូងទឹក និងជាពិសេស ការវិនិយោគខ្នាតតូច មធ្យម ក្នុងការកសាងរោងចក្រ ក្នុងមូលដ្ឋាននេះ។
លោក ហេង រតនា បានបញ្ជាក់ទៀតថា «បច្ចុប្បន្នគ្មានគ្រោះថ្នាក់ដោយសារមីនទៀតទេ! តំបន់គ្រាប់មីននៅសល់ ស្ថិតនៅតាមខែ្សរបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ។ ឃុំតាសែនរបស់យើង មានការរីកចំរើនយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រកម្ពុជា ដោយមានផ្ទះថ្មធំតូច ទីផ្សារ មានមនុស្សម្នាយ៉ាងមមាញឹក ចំការតំឡូង ពោតសណ្តែក និងដំណាំយុទ្ធសាស្ត្រ ស្វាយ មៀន ជាដើម មើលទៅស្រស់បំព្រង ប្រៀបដូចវាលចំការនៅប្រទេសជឿនលឿន ដូចជានៅអាលឺ្លម៉ង់ អង់គ្លេស! នេះជាការប្រែក្លាយពីតំបន់ សមរភូមិសង្រ្គាម មកជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល!»។
លោកបានបញ្ជាក់ថា នៅឃុំតាសែន មានក្រុមប្រឹក្សាឃុំចំនួន៥រូប ដែលមានប្រធានជាស្ត្រី ហើយក្រុមប្រឹក្សាឃុំទាំង ៥រូបមកពីគណបក្សប្រជាជនកម្ពុជា! នេះបញ្ជាក់ថា ប្រជាជនក្នុងមូលដ្ឋានគាំទ្រពួកគាត់យ៉ាងពេញទំហឹង៕