(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧នេះ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសបុរសជនជាតិវៀតណាម២នាក់ និងយុវជនខ្មែរ៣នាក់ ដាក់ពន្ធនាគារកំណត់ពី៤ឆ្នាំទៅ៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ជួញដូរគ្រឿងញៀន សម្របសម្រួលឲ្យប្រើប្រាស់គ្រឿងញៀន និងបទប្រើប្រាស់គ្រឿងញៀន» តាមមាត្រា៤០ មាត្រា៤៤ និងមាត្រា៤៥ នៃច្បាប់ស្ដីពីការប្រឆាំងគ្រឿងញៀន។
មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទទាំង៥នាក់រួមមាន៖ ទី១-ឈ្មោះ ង្វៀង យ៉ាំងទី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម រស់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ទី២-ឈ្មោះ ពេជ្រ គឹមហួរ ហៅអាវ៉ា អាយុ១៧ឆ្នាំ ជនជាតិ វៀតណាម ត្រូវដាក់ពន្ធនាគារ៤ឆ្នាំ ទី៣-ឈ្មោះ ហេង ពន្លីរាជ អាយុ១៨ឆ្នាំ ត្រូវដាក់ពន្ធនាគារ៦ឆ្នាំ ទី៤-ឈ្មោះ គង់ រាជ្រ អាយុ២៤ឆ្នាំ ត្រូវដាក់ពន្ធនាគារ៦ឆ្នាំ និងទី៥ឈ្មោះ ទី ម៉ៅ ហៅអាខ្មៅ អាយុ១៨ឆ្នាំ ត្រូវដាក់ពន្ធនាគារ៦ឆ្នាំ។
តាមមន្រ្តីតុលាការ ជនជាប់ទាំង៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍ ផ្លូវលេខ១៧២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពេលនោះមានជនប្រើប្រាស់គ្រឿងញៀន៧នាក់ផងដែរ ប៉ុន្តែត្រូវបានបញ្ជូន ទៅមណ្ឌលបន្សាបគ្រឿងញៀន។
សម្រាប់ប្រតិបត្តិការបង្ក្រាបនៅពេលនោះ កម្លាំងសមត្ថកកិច្ចបានដកហូត មេតំហ្វេតាមីនចំនួន៨កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ សំបកវេចខ្ចប់ ដាវ២ដើម កាំភ្លើង១ដើម ដបប្រើគ្រឿងញៀន៨ដប និងសម្ភារផ្សេងៗទៀត៕