(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ព្រះពុទ្ធសាសនានេះហើយ ជាអ្នកថែរក្សាអក្សរសាស្ដ្រខ្មែរ ឲ្យបានគង់វង្សមកដល់សព្វថ្ងៃនេះ ព្រោះពលរដ្ឋខ្មែរចាំមិនភ្លេច នៃប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាស្ថិត នៅក្រោមនឹមអាណានិគម និយមបារាំងអស់រយៈពេល៩០ឆ្នាំ ដែលបារាំងព្យាយាម សាបព្រោះអក្សរបារាំង។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាស លោកអភិបាលខេត្ត និងសហការី បានប្រគេន តេយ្យទានជូន ព្រះសត្ថាបារមី ព្រះមេគុណខេត្ត ក្នុងគោលបំណងចូលរួមចាប់កុសល្យ ដូចជាការលើកស្ទួយ ភាសាបាលីនៅក្នុង ព្រះពុទ្ធសាសនាផងនោះ។
លោកអភិបាលខេត្ត បញ្ជាក់ថា កាលពីសម័យអាណានិគមនោះ បារាំងចង់លុបបំបាត់អក្សរសាស្រ្តខែ្មរ សាសនាព្រះពុទ្ធផងនោះ ហើយការលបលួចរៀនសូត្រ អក្សរជាតិរបស់ខ្មែរត្រូវមានទោស តែដោយសារតែមានវត្តអារ៉ាមទើបខ្មែរ អាចរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងអក្សរសាស្រ្ត បានរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះ លោក សុខ លូ បានប្រគេនទេយ្យទានជូន ព្រះសត្ថាបារមី ព្រះមេគុណខេត្តកំពង់ធំ ដើម្បីចូលរួមលើកស្ទួយអភិរក្ស ព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៍ខេត្តកំពង់ធំ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលចាត់ទុកព្រះពុទ្ធ សាសនា ជាសាសនា របស់រដ្ឋ។ ទេយ្យទានទាំងនោះ មានគ្រឿងឧបភោគ បរិភោគ អង្ករចំនួន ២តោន ត្រីខកំប៉ុង ៦កេស ស្មើរនឹង២៨៨កំប៉ុង មី៣កេសធំ ស្មើរនឹង១៨កេសតូច និងថវិកាចំនួន២,០០០,០០០រៀល។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បញ្ជាក់ថា «ខ្ញុំករុណាមានសធាជ្រះថ្លា និងពិតជាមានសេចក្តីសោមនស្សរីករាយដែលបាន មានឱកាសនាំយកនូវទេយ្យទាន ទាំងនេះមកធ្វើការប្រគេនដល់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ សម្រាប់ផ្គត់ផ្គង់នូវចង្ហាន់នៃកម្មវិធី ប្រឡងយកវញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ភាសាបាលីរង នឹងប្រារព្ធនៅថ្ងៃទី ២០-២១-២២ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដែលមានរហូតដល់៤០០អង្គរ រួមទាំងព្រះសង្ឃគង់ក្នុងវត្ត ឥន្ទ្រីយ៍សំវរៈផងដែរ។
ព្រះសត្ថាបារមី ព្រះមេគុណខេត្តកំពង់ធំ ប្រគេនពរ ស័ព្ទសាធុការ និងជូនពរ លោក និងសហការី សប្បុរសជនទាំងអស់ ប្រកបដោយ ឧត្តមពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លៀតឡើយ៕