(ភ្នំពេញ)៖លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមករានេះថា មួយរយៈពេលចុងក្រោយនេះ វិស័យអប់រំមានការរីកចំរើន ស្របតាមទ្រឹស្តី អ្នកចេះតិចបង្រៀនអ្នកមិនចេះ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ធ្វើឲ្យកូនសិស្សយើង លែងពឹងលើព្រីយ៉ុង លើការសូកគ្រូ ហើយឪពុកម្តាយក៏លែងពឹងពាក់លើការសូកប៉ាន់ ដើម្បីកូនៗប្រឡងជាប់ទៀតហើយ។
លោក ប៉ា សុជាតិវង្ស ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧ នៅមន្ទីរអប់រំ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
លោកបន្ថែមថា ធនធានមនុស្សលើគ្រប់វិស័យអប់រំ ត្រូវបានពង្រឹង និងប្រកបដោយសមត្ថភាព តាមរយៈកំណែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥។
ក្នុងឱកាសនោះដែរ លោកអភិបាលកោតសរសើរដល់មន្ត្រីអប់រំ នៃមន្ទីរអប់រំរាជធានី ការិយាល័យអប់រំតាមខណ្ឌ គណៈនាយកនៃ គ្រឹះស្ថានអប់រំ វិទ្យាល័យ ក្នុងរាជធានី ដែលបានប្រឹងប្រែង ធ្វើឲ្យវិស័យអប់រំ មានការរីកចំរើន ដូចសព្វថ្ងៃនេះ។
បើតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នរាជធានីភ្នំពេញមាន៖
* សាលាចំណេះទូទៅសាធារណៈមាន ៤១១សាលា គ្រូ១១២៩៣នាក់ ស្រី៦២៦៥នាក់។
* សិស្ស២៣២៩៥៦នាក់ ស្រី១១៤៥១០នាក់ ។
* សាលាមត្តេយ្យឯកជន ២១៣សាលា សិស្ស២០៧១៩នាក់។
* សាលាចំណេះទូទៅ និងភាសាបរទេសឯកជនបឋមសិក្សា ២២៦សាលា សិស្ស៥៩៨០០នាក់។
* សាលាចំណេះទូទៅ និងភាសាបរទេសឯកជនមធ្យម ១០៣សាលា សិស្ស២៨៨៤២នាក់។
* មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ សាធារណៈ និងដៃគូអភិវឌ្ឍន៍ ១៣មជ្ឈមណ្ឌល សិស្ស៨៦០នាក់។
* សាលាអប់រំវិជ្ជាជីវៈ ១១សាលា សិស្សសរុប២៧១៤នាក់៕