(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោង ថង សាវុន រួមនិងមន្រ្តីសាលាខេត្តជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជានៅតំបន់កន្ទុយនាគ ដែលជាព្រំដែនរួម នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីពិនិត្យអំពីស្ថានភាពព្រំ ដែន ព្រមទាំងសាកសួរសុខកងកម្លាំងការពារព្រំដែនផងដែរ។
ក្នុងដំណើរទៅកាន់តំបន់កន្ទុយនាគនេះ លោក ថង សាវុន បានទៅមើលបង្គោលព្រំដែន បន្ទាប់ពីក៏ចុះទៅសាកសួរទុក្ខកងកម្លាំងការពារ ព្រំដែននគរបាលលេខ២០៣ កម្លាំងវរៈសេនាតូចការពារព្រំដែនលេខ១០២ និងកម្លាំងការពារដែនឧទ្យានជាតិវីរៈជ័យ។
នៅចំពោះមុខកងកម្លាំងព្រំដែន លោក ថង សាវុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
លោក ថង សាវុន បានថ្លែងទៅកាន់កងកម្លាំងការពារព្រំដែនថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាថ្នាក់ដឹក នាំដទៃទៀត តែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កងកម្លាំង ដែលបានបូជាកម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីប្រពន្ធកូន ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដី អធិបតេយ្យភាព ដោយមិនខ្លាចការនើយហត់។
លោក ថង សាវុន ក្នុងនាមជាអ្នកដឹកនាំខេត្តរតនគិរី ក៏បានថ្លែងអំណរគុណចំពោះភាពអង់អាចរបស់កងកម្លាំង និងបានឈរជើងការពារ ទឹកដីកម្ពុជាទោះបីតំបន់ទល់ដែនស្ថិតនៅឆ្ងាយហើយមានការលំបាកក្នុងរស់នៅបន្តិចយ៉ាងណាក្តី។ លោក ថង សាវុន ក៏បានផ្តាំផ្ញើដល់ កងកម្លាំងឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ហើយត្រូវត្រួតពិនិត្យ និងការពារឲ្យបានខ្ជាប់ខ្ជួននៅតំបន់ព្រំដែន កុំឲ្យមានការធ្វើសកម្មណាមួយរំលោភចូលដែនដីកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋប្រទេសដទៃ។
ក្នុងឱកាសនោះលោក ថង សាវុន ក៏បានផ្តល់ថវិកាឧបត្ថម្ភដល់កងកម្លាំងទាំងបីនូវថវិកាចំនួន ២.១០០ដុល្លារ និង ១.៧០០.០០០ រៀល មុង៥០ ថវិកាកសាងអង្គភាព ១.៧០០ដុល្លារ និងគ្រឿងឧបភោគបរិភោបរួមមានអង្ករ ៨០០គីឡូក្រាម មី ៣០កេះ ត្រីខ ទឹកត្រី ខ្លាញ់ ទឹកស៊ីអ៉ីវ ទឹកម្ទេស បីចេង ខ្ទឹម ប្រហុក ផ្អក មាន់រស់ ៣០ក្បាល និងគ្រឿងឧបភោគរិភោគមួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំង៕