(សិង្ហបុរី)៖ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ASEAN China Center វេលាម៉ោង៣រសៀលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោករដ្ឋមន្ត្រី ថោង ខុន បានជួបពិភាក្សាការងារជាមួយសមភាគីឡាវ ដើម្បីជំរុញកិច្ចសប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ពិសេសជំរុញការ ផ្សព្វផ្សាយរួមគ្នាអំពីកញ្ចប់ខ្សែទស្សនកិច្ចថ្មីបេតិកភណ្ឌពិភពលោក សៀមរាប អង្គរ ព្រះវិហារ វត្តភូ និងការសំរួលការធ្វើដំណើរទេសចរ និងអញ្ជើញមិត្តឡាវ ចូលរួមបុណ្យទន្លេក្នុងខែមីនាខាងមុខ។
បន្ទាប់មកនៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី កុបកន រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ, លោករដ្ឋមន្ត្រី បានសំដែងការគាំទ្រ និងចូលរួមក្នុងព្រិត្តិការណ៍ ទេសចរណ៍សំខាន់ ដែលរៀបចំឡើងនៅថែ ពិសេស ATF 2018 នៅឈៀងម៉ៃ។ ភាគីថៃ ក៏បានសន្យាចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា ពិសេស ASEAN coopération Dialogue-ACD នៅថ្ងៃទី១០-១៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នៅខេត្តសៀមរាបអង្គរ និង Cambodia Travel Mart -CTM ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ នៅខេត្តសៀមរាបអង្គរ ព្រមជាមួយនេះភាគីទំាងពីរឯកភាពគ្នាជំរុញកិច្ចសហប្រត្តិការទេសចរណ៍ឲ្យកាន់ រីកចំរើនពិសេសយកចិត្តទុកដាក់លើនិន្នាការកំសាន្ត និងកីឡាតាមសមុទ្រ Yatching/Sailing and Marina Sports ដ៏មានសក្តានុពល។
លោករដ្ឋមន្ត្រីក៏បានជូនដំណឹងអំពីការកសាងកំពង់ផែទេសចរណ៍ថ្មី នៅខេត្តកំពត ដែលនឹងចាប់ផ្តើមកសាងនៅដើមឆ្នាំ២០១៧ នឹងត្រូវបញ្ចប់នៅ ឆ្នាំ២០១៩ផងដែរ។
ជាមួយសមភាគីរុស្សី លោកអនុរដ្ឋមន្ត្រី Nikolay Korolev, លោករដ្ឋមន្ត្រី ថោង ខុន បានពិភាក្សាគ្នាក្នុងការជំរុញការផែនការបង្កើត ASEAN Regional College for Russian Culture and Language and Tourism Skills Training and Education មួយនៅកម្ពុជា តំណាងឲ្យតំបន់អាស៊ានទាំងមូល និងការ ត្រៀមរៀបចំចុះហត្ថលេខាលើ Joint Action Programme ខាងមុខផងដែរ៕