(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ជំរុញក្រុមការងារបច្ចេកទេសសាងសង់ អគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវតែពន្លឿនសកម្មភាពរបស់ខ្លួន ឲ្យកាន់តែលឿន និងប្រកបដោយគុណភាពខ្ពស់ ដើម្បីសិស្សានុសិស្សឆាប់បានប្រើប្រាស់។
ថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក ចុះពិនិត្យមើលសំណង់អាគារសិក្សា ដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលផ្តល់ឱ្យសាលានានា នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានថ្លែងដោយក្តីរំភើបរីករាយ និងសូមសម្តែងនូវការគោរព ដឹងគុណគាំទ្រ និងសូមគោរពជូនពរ សម្តេចតេជោ ឲ្យមានសុខភាពល្អជានិច្ច មានអាយុយឺនយូរ ដើម្បីបន្តដឹកនាំ នាវាកម្ពុជាប្រកបដោយសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនរុងរឿង ជារៀងរហូតទៅ។
សូមបញ្ជាក់ថា អគារសិក្សាដែលកំពុងសាងសង់បានលេចចេញ ជារូបរាងខ្លះហើយ នេះគឺជាអំណោយរបស់សម្តេចតេជោ ដែលបានផ្តល់ឲ្យនៅក្នុងបេសកកម្មចុះត្រួតពិនិត្យ មើលសមិទ្ធផល ពាក់កណ្ដាលអាណត្តិ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ រួមមាន អាគារសិក្សាចំនួន២៧ខ្នង ស្មើនឹង៤៨០បន្ទប់ អគារទីចាត់ការ១៨ខ្នង ស្មើ៥៤បន្ទប់ ផ្ទះគ្រូ៥ខ្នង ស្មើ៥០បន្ទប់ ម៉ាស៊ីនថតចម្លង៩គ្រឿង កុំព្យូទ័រ១០៦គ្រឿង និងម៉ាស៊ីនព្រីនធ័រ១៦គ្រឿង៕