(ភ្នំពេញ)៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជា-ព័រទុយហ្គាល់ បានចុះអនុស្សារណៈយោគយល់គ្នាស្តីពីការពិគ្រោះយោបល់នៃប្រទេសទាំងពីរ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ អនុស្សារណៈនោះនឹងជំរុញឲ្យមាន ទំនាក់ទំនងរវាងអង្គការ នីតិប្បញ្ញត្តិ ក្រសួង ស្ថាប័ននានា ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេច សាយ ឈុំ មានលើកឡើងបែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យ លោក Francisco Vaz Patto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋព័រទុយហ្គាល់ប្រចាំកម្ពុជា ចូលជួបសវនាការនិងសម្តែងការ គួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ លោក Francisco Vaz Patto ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានផ្តល់កិត្តិយសអនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសមនាឱកាសនេះ។ក្នុងនាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋព័រទុយហ្គាល់ប្រចាំកម្ពុជា លោកបានសន្យាថា នឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។
បន្ថែមពីលើនេះ លោកបានជម្រាបជូនសម្តេចថា ស្ថានទូតព័រទុយហ្គាល់ បានបើកការិយាល័យពាណិជ្ជកម្ម និងសហប្រតិបត្តិការរួចហើយ ដើម្បីបង្កើននូវការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ព័រទុយហ្គាល់នៅកម្ពុជា។ លោកក៏បានសម្តែងនូវការរីករាយ ដោយមើលឃើញថា វិស័យវប្ប-ធម៌ និងអប់រំនៃប្រទេសទាំងពីរ នឹង មានសក្តានុពលផ្លាស់ប្តូរគ្នាទៅវិញទៅមក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះ លោក Francisco Vaz Patto ហើយសម្តេចមានជំនឿជឿជាក់ថា ឯកអគ្គរដ្ឋទូត នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង។
សម្តេចប្រធានព្រឹទ្ធសភា បានឲ្យដឹងថា សម្តេចនឹងខិតខំរួមចំណែកលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនោះ ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ៕