(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បានលើកយកនូវប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ប្រទេសជាតិមួយដែលរីកចម្រើនខ្លាំង មិនមែនដោយសារប្រទេសនោះ មានធនធានធម្មជាតិច្រើននោះទេ គឺដោយសារប្រទេសនោះមានធនធានមនុស្សខ្លាំងពូកែច្រើន ដែលជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនប្រកបដោយស្ថិរភាព និងនិរន្តរភាព។
លើកឡើងបែបនេះ របស់លោកអភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម។
ក្នុងនោះលោក លន់ លឹមថៃ បានលើកទឹកចិត្តឲ្យ លោកគ្រូ អ្នកគ្រូ បន្ដខិតខំប្រឹងប្រែងបង្រៀន និងលើកទឹកចិត្តដល់សិស្សានុសិស្ស ខំប្រឹងប្រែងរៀនសូត្រ ហើយនៅពីក្រោយការលើកទឹកចិត្តនេះ គឺជាចក្ខុវិស័យវែងឆ្ងាយ ដែលសំដៅដល់ការកសាងធនធានមនុស្សសម្បូរបែប និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។
ក្រៅពីលើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំរៀន លោកអភិបាលខេត្ត ក៏មិនភ្លេចឡើយនូវសារជាគន្លឹះ សំខាន់ៗទាក់ទងនឹង ការគោរពច្បាប់ចរាចរណ៍ គ្រឿងញៀន អនាម័យ បរិស្ថានសំរាម សុខភាពជាដើម។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញឲ្យឃើញច្បាស់ថែមទៀត នូវចក្ខុវិស័យរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងអាណត្តីទី២ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោយពីព្រឹត្តិការណ៍សម្ពោធបណ្ណាល័យកំពង់ចាម ដែលជាបណ្ណាល័យបោះបង់ចោលអស់រយៈពេលជិតកន្លះសតវត្ស ត្រូវបានធ្វើឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំពាក់ព័ន្ធ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និស្សិត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សានុស្សិស ស្ថាប័នក្រុមហ៊ុនឯកជន ប្រតិភូបរទេស និងប្រជាពលរដ្ឋ ប្រមាណ៣,០០០នាក់។
សូមបញ្ជាក់ថា អគារសិក្សាចាស់ទ្រុឌទ្រោមនៃវិទ្យាល័យបឹងកុក ក៏ត្រូវបានរុះរើ និងកំពុងកសាងថ្មីនូវ អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ជាមួយនឹង អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមកដល់ថ្ងៃនេះ ការសាងសង់នេះ សម្រេចបានប្រមាណជាង៩០%ហើយ។
គួរបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៦ ខណៈដែលសម្តេចបានជួបសំណេះសំណាល និងត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកំពង់ចាម សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់នូវសមិទ្ធផលថ្មីៗ បន្ថែមទៀតសម្រាប់ជាប្រយោជន៍សាធារណៈ ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម រួមមានដូចខាងក្រោម៖
ទី១៖អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ និងសាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ ស្ថិតនៅអនុវិទ្យាល័យបឹងកុក ភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បច្ចុប្បន្នសម្រេចជិត១០០ភាគរយ
ទី២៖អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ និងជួសជុលដំបូលអគារចាស់ៗ នៅសាលាគរុកោសល្យ និងវិក្រឹត្យការបច្ចុប្បន្នសម្រេចបាន៧០ភាគរយ
ទី៣៖អគារ១ខ្នង កម្ពស់២ជាន់ ស្មើនឹង២៤បន្ទប់ និងជួសជុលអាគារចាស់ៗឡើងវិញ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម បច្ចុប្បន្នសម្រេចបាន៧០ភាគរយ
ទី៤៖អគារសិក្សា នៅឃុំល្វារ ស្រុកចំការលើ ១ខ្នង (១៨បន្ទប់) ទីចាត់ការ១ខ្នង (៣បន្ទប់) និងផ្ទះគ្រូ១ខ្នង មាន៣ល្វែងបច្ចុប្បន្ន សម្រេចបាន៧០ភាគរយ
ទី៥៖ផ្លូវចាក់កៅស៊ូ នៅឃុំល្វា ស្រុកចំការលើ ប្រវែង១៤គីឡូម៉ែត្រ កំពុងពង្រីកចិញ្ចើមផ្លូវ និងចាក់ដីលើតួផ្លូវ បានប្រវែង៩គីឡូម៉ែត្រ
ទី៦៖ផ្លូវបេតុងកៅស៊ូ នៅស្រុកស្រីសន្ធរ ប្រវែង២១គីឡូម៉ែត្រ បានឈូសឆាយរួចទាំងស្រុងហើយ ហើយកំពុងចាក់ដីពង្រីក ចិញ្ចើមផ្លូវបាន៤គីឡូម៉ែត្រ៕