(ភ្នំពេញ)៖ បន្ទាប់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹងដំណឹងថា មានយុវតីម្នាក់ពិការភាពតាំងពីកំណើត រស់នៅក្នុងគ្រួសារ ក្រលំបាកជីវភាពខ្លះខាតនោះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ លោកបានយកអំណោយ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារយុវតីពិកាភ្លាមៗដល់លំនៅដ្ឋាន។
នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកស្រី អ៊ឹម ថាវីជា អនុសាខាកាកបាទក្រហមកម្ពុជា លោកស្រី ឃឹម ស៊ុននី អភិបាលរងខណ្ឌ ព្រះចៅអធិការ វត្តតាំងក្រសាំងខាងជើង មន្ត្រីសាលាខណ្ឌ និងសង្កាត់ជាច្រើនរូបផងដែរ។
លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ទីណាមានការលំបាក ទីនោះនឹងមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនទុកដោយពលរដ្ឋណាម្នាក់ ដាច់ពោះឡើយ។ អំណោយដែលប្រគល់ជូនក្នុងឱកាសនោះ រួមមាន អង្ករ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ថវិកា៥៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា យុវតីម្នាក់គួរឲ្យអាណិតណាស់ ពិការភាពតាំងពីកំណើត រស់ក្នុងគ្រួសារដែលមានជីភាពខ្វះខាត ដោយឪពុករត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារ ដែលមានសមាជិក៥នាក់ ខណៈដែលម្ដាយមិនអាចប្រកបរបរអ្វីបានព្រោះនៅមើលថែកូនស្រីពិការរយៈពេល២១ឆ្នាំហើយ ពេលកំពុងដង្ហើយរកសប្បុរជន។ គ្រួសារអភ័ព្វមួយនេះ មានទីលំនៅ ផ្ទះលេខ៥៤ ក្រុមទី២ ផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីដែលគួរឲ្យអាណិតឈ្មោះ ហ៊ុល ស្រីណែត អាយុ២១ឆ្នាំ ជាកូនច្បងក្នុងចំណោមកូន៣នាក់ ស្រីទាំង៣ មានម្តាយឈ្មោះ ហ៊ុ ស្រីលុយ អាយុ៤០ឆ្នាំ ដោយមើលថែនាងពិការតាំងពីចាប់កំណើត មកទល់ពេលនេះរយៈពេល២១ឆ្នាំហើយ ដែលមានឪពុកឈ្មោះ ហ៊ុល សារិន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់ជីវភាព។
ម្តាយក្មេងស្រី បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានរៀបការជាមួយស្វាមីរបស់គាត់អស់រយៈពេលជាង២០ហើយ រហូតមកដល់សព្វថ្ងៃ គាត់មានកូនស្រី៣នាក់ ហើយកូនដែលអភ័ព្វជាង គឺកូនច្បងឈ្មោះ ហ៊ុល ស្រីណែត ពិការតាំងពីកើតមកម្ល៉េះ និងប្អូនស្រី២នាក់ទៀត នៅរៀន ហើយគាត់បានចំណាយពេល២១ឆ្នាំហើយ ដើម្បីមើលថែកូនស្រីច្បង មិនបានជួយរកស៊ីអ្វីនោះទេ ដោយប្តីរបស់គាត់រត់ម៉ូតូឌុបចិញ្ចឹមគ្រួសារ តែម្នាក់ឯង៕