(ព្រះសីហនុ)៖ គ្រឿងសមុទ្រជាច្រើនកន្លែង នៅទីតាំងបោះដុំកំពង់ផែ ប្រមូលផលទីរួមស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុម មន្ត្រីកាំកុងត្រូលប្រកាសថា មិនមានសារធាតុគីមីនោះឡើយ។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះថា ដោយមាន កិច្ចសហការ និងបទបញ្ជារបស់អគ្គនាយកដ្ឋានកាំកុងត្រូល រថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន និងមន្ត្រីសាខា កាំកុងត្រូលខេត្តព្រះសីហនុ មន្ត្រីមន្ទីរពាណិជ្ជកម្ម រួមនឹងអាជ្ញាធរដែនដី បានប្រតិបត្តិការរួមគ្នា ចុះពិនិត្យគ្រឿងសមុទ្រស្រស់ ដល់ទីតាំងប្រមូលផល ក្នុងស្រុកស្ទឹងហាវ ប៉ុន្តែប្រតិបត្តិការនេះ ក្រុមការងាររកមិនឃើញ មានសារធាតុគីមីនោះទេ។
ដោយឡែកសម្រាប់គ្រឿងសមុទ្រនៅផ្សាវាលរេញ ក្នុងស្រុកព្រៃនប់ និងផ្សាលើទីរួមក្រុងព្រះសីហនុ ត្រូវបានក្រុមការងារពិនិត្យ រកឃើញព្រមទាំងបានធ្វើការដកហូតរួចហើយ ដើម្បីយកទៅកម្ទេចចោលផងដែរ កុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីឯបន្លែត្រីសាច់មួយចំនួនទៀត មិនមានសារធាតុគីមីនោះឡើយ។
ជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃនេះ ក្រុមមន្ត្រីកាំកុងត្រូល ដោយមានការអនុញ្ញាតពីលោក ម៉ាង ស៊ីណេត ប្រធានសាខា កាំកុងត្រូលខេត្តព្រះសីហនុ ក៏បានធ្វើការដុតកម្ទេចចោលផងដែរ ក្នុងនោះមានបង្គាលាយសារធាតុគីមី ចំនួន៥៣គីឡូក្រាម ដែលបានដកហូតពីទីផ្សារនារយៈពេល២ថ្ងៃកន្លងមកនេះ។
ជុំវិញបញ្ហានេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការសាទរ និងគាំទ្ររយ៉ាងពេញទំហឹង ចំពោះលទ្ធផលទទួលបាននាពេលនេះ និងស្នើសុំ ឲ្យមានការត្រួតពិនិត្យ លើម្ហូបអាហារ នំចំណីរ ដែលបានដាក់ តាំងលក់ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានញឹកញាប់ដើម្បី ជៀសវាង ការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ៕