(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមអ្នកអនុវត្តច្បាប់ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បញ្ជាឲ្យសមាជិកក្រុមអ្នកអនុវត្តច្បាប់ មានរបបរបាយការណ៍ឲ្យបានទៀងទាត់និងចរិត របាយការណ៍ឲ្យបានច្បាស់លាស់ ព្រោះថាសមាជិកក្នុងក្រុមនេះ មានសមាសភាពមកពីអន្តរស្ថាប័ន។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ក្រុមអ្នកអនុវត្តច្បាប់ឆ្នាំ២០១៦ និងទិសដៅអនុវត្ត ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន សង្កត់ធ្ងន់ ថា «ឆ្លងតាមការស្តាប់របាយការណ៍យើងឃើញថា មានស្ថាប័នខ្លះបានធ្វើ និងមានស្ថាប័នខ្លះមិនធ្វើ ដូច្នេះហើយសមាជិកក្នុងក្រុម អ្នកអនុវត្ត ដែលតំណាងឲ្យអន្តរស្ថាប័ន ត្រូវមានរបបរបាយការណ៍ឲ្យច្បាស់លាស់ និងទៀងទាត់ ហើយក្នុងនាមសមាជិកក្រុមអ្នក អនុវត្ត យើងមានភារកិច្ចបញ្ជូនព័ត៌មាន, យើងមានភារកិច្ចបំពេញថែម, យើងបញ្ជូនរបាយការណ៍ និងមានភារកិច្ចមួយទៀត ជូនព័ត៌មានទៅប្រធានស្ថាប័ន ដើម្បីឲ្យគាត់យល់បានបណ្តើរៗ ថាក្រសួងស្ថាប័នយើង ពាក់ព័ន្ធជាមួយក្រុមអ្នកអនុវត្តច្បាប់ យើងបានធ្វើអីខ្លះ និងមិនទាន់បានធ្វើអីខ្លះ»។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា របាយការណ៍ត្រូវសរសេរយ៉ាងម៉េច ក្រុមការងារត្រូវគិត អំពីស្ថាប័នណាដែលបានធ្វើ និងស្ថាប័នណា មិនបានធ្វើ កុំនិយាយតែម្តង ហើយបើជ្រុលណាស់ និយាយឲ្យច្បាស់មកថា ស្ថាប័នណាបានធ្វើអ្វីខ្លះ ហើយស្ថាប័នណាខ្លះ មិនធ្វើតែម្ដង។
សូមបញ្ជាក់ថា តាមរបាយការណ៍បូកសរុប សភាពការណ៍ការងារប្រចាំឆ្នាំ២០១៦ (គិតពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦) របស់ក្រុមការងារអ្នកអនុវត្តច្បាប់ បានឲ្យដឹងថា នាយកដ្ឋានជំនាញ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ខិតខំតាមដានស្រាវជ្រាវបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ៩២ករណី/៩៤ករណី (បើប្រៀបធៀបឆ្នាំ២០១៥ មានការថយចុះចំនួន ២ករណី ស្មើ២,១២% ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅ សាលាដំបូងបានចំនួន ១១៣នាក់/១២៤នាក់ ស្រី៤៦នាក់) ក្នុងនោះជនសង្ស័យជាអនីតិជនចំនួន ១២នាក់ និងបរទេសចំនួន ៨នាក់ (សញ្ជាតិឥណ្ឌាម្នាក់ ហូឡង់ ២នាក់ កូរ៉េម្នាក់ ប៉ាគីស្ថានម្នាក់ ថៃម្នាក់ វៀតណាមម្នាក់ និងអូស្រ្តាលីម្នាក់)។
សង្រ្គោះជនរងគ្រោះបានចំនួន ២៩៨នាក់/២៤៤នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ៤៧នាក់ អាយុ១៥-១៧ឆ្នាំ ៤៤នាក់ និងអាយុ ១៨ឆ្នាំឡើង ២០៧នាក់ (ដោយប្រគល់ឲ្យមន្ទីរសង្គមកិច្ចចំនួន១៦១នាក់ អង្គការ៧នាក់ និងប្រគល់ឲ្យគ្រួសារគ្រប់គ្រង់វិញចំនួន ១៣០នាក់)។ អំពើជួញដូរមនុស្សបង្រ្កាបបានសរុបចំនួន ២៧ករណី/៤៤ករណី ឃាត់ជនសង្ស័យចំនួន ៣៩នាក់(ស្រី២១នាក់) ជនបរទេសចំនួន ៣នាក់ (សញ្ជាតិប៉ាគីស្ថានម្នាក់ ថៃម្នាក់ និងកូរ៉េម្នាក់) សង្រ្គោះជនរងគ្រោះចំនួន ១១១នាក់ អាយុក្រោម១៥ឆ្នាំ ៧នាក់ អាយុ១៥-១៧ឆ្នាំ ២៣នាក់ អាយុ១៨ឆ្នាំឡើង ៨១នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច៣៣នាក់ និងគ្រួសារ៧៨នាក់)។
អំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបសរុបចំនួន ៦៥ករណី/៥០ករណី ឃាត់ជនសង្ស័យចំនួន ៧៤នាក់ (ស្រី២៥នាក់) ក្នុងនោះជនសង្ស័យ ជាអនីតិជនចំនួន១២នាក់ និងជនបរទេសចំនួន៥នាក់ (សញ្ជាតិឥណ្ឌាម្នាក់ ហូឡង់២នាក់ វៀតណាមម្នាក់ និងអូស្រ្តាលីម្នាក់) សង្រ្គោះជនរងគ្រោះចំនួន១៨៧នាក់ អាយុក្រោម១៥ឆ្នាំ ៤០នាក់ អាយុ១៥-១៧ឆ្នាំ ២១នាក់ និងអាយុ១៨ឆ្នាំ ឡើង១២៦នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច១២៨នាក់ អង្គការ៧នាក់ និងប្រគល់ឲ្យគ្រួសារគ្រប់គ្រងវិញចំនួន៥២នាក់)៕